កំពង់ស្ពឺ៖ អតិថិជនអ្នកប្រើប្រាស់សេវាទឹកស្អាតរបស់ក្រុមហ៊ុន បុរីកម្មករ ផលិត និងផ្គត់ផ្គង់ទឹកស្អាត កំពង់ស្ពឺ ក្នុងក្រុងច្បារមន បាននាំគ្នារអ៊ូរទាំ និងរិះគន់យ៉ាងខ្លាំង ដោយសារបូមទឹកល្អក់យកមកផ្គត់ផ្អង់ឱ្យពួកគាត់ប្រើប្រាស់អាចបង្កឱ្យមានការប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ផងដែរ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្រុមហ៊ុន បុរីកម្មករ ផលិត និងផ្គត់ផ្គង់ទឹកស្អាត កំពង់ស្ពឺ របស់ឧកញ៉ា អ៊ុង យុទ្ធី បានបូមទឹកល្អក់ស្ទើរតែដូចភក់ជាគ្នាយកទៅផ្គត់ផ្គង់ និងចែកចាយឱ្យអតិថិជនប្រើប្រាស់ពេញក្រុងច្បារមន ធ្វើឱ្យពលរដ្ឋរិះគន់ ទើបមន្ត្រីជំនាញ នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ស្ពឺ នាំគ្នាចុះត្រួតពិនិត្យលើករណីនេះ។
ប្រជាពលរដ្ឋរស់ នៅភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន បានប្រាប់បណ្តាញសារព័ត៌មាន ឱ្យដឹងថា ក្រុមហ៊ុន បុរីកម្មករ ផលិត និងផ្គត់ផ្គង់ទឹកស្អាត កំពង់ស្ពឺ របស់លោកឧកញ៉ា អ៊ុន យុទ្ធី បានបូមទឹកល្អក់ក្វល់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ដោយគ្មានគិតពីសុខភាពរបស់អតិថិជនជាអ្នកប្រើប្រាស់ទាល់តែសោះ។ ពួកគាត់បានបន្តទៀតថា ព្រលឹមស្រាងឡើងពួកគាត់បានក្រោយពីដំណេកចូលបន្ទប់ទឹកដុះធ្មេញ និងសម្អាតខ្លួនប្រាណ ដើម្បីចេញទៅធ្វើការងារស្រាប់តែបើកទឹកមកចេញក្រខ្វក់ (ល្អក់ដូចភក់) តែម្តង។
អតិថិជនបានឱ្យដឹងទៀតថា តាមអ្វីដែលពួកគាត់ពិនិត្យមើលទឹកទុយោក្រុមហ៊ុន បុរីកម្មករ ផលិត និងផ្គត់ផ្គង់ទឹកស្អាត បូមឱ្យពួកគាត់ប្រើប្រាស់នោះប្រហាក់ប្រហែលនឹងទឹកក្នុងដឹងស្ទឹងព្រែកត្នោត ប្រហែលជាបូមចេញពីក្នុងស្ទឹងដោយមិនឆ្លងកាត់ការចម្រោះ និងសម្លាប់មេរោគត្រឹមត្រូវនោះឡើយ។ ពួកគាត់បានបន្ថែមទៀតថា ករណីក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតខាងលើ បូមទឹកល្អក់ឱ្យអតិថិជនប្រើប្រាស់បែបនេះមិនមែនជាលើកទី១ឡើយ គឺវាក្លាយទៅជាទម្លាប់ទៅហើយ។
ពាក់ព័ន្ធករណីបូមទឹកក្រខ្វល់ផ្អត់ផ្គង់ និងចែកចាយឱ្យអតិថិជនប្រើប្រាស់នោះ មិនមែនតែប្រជាពលរដ្ឋរអ៊ូរទាំសូម្បីមន្ត្រីរាជការដែលប្រើប្រាស់សេវាផ្គត់ផ្គង់ទឹកស្អាត ក្រុមហ៊ុន បុរីកម្មករ ផលិត និងផ្គត់ផ្គង់ទឹកស្អាត កំពង់ស្ពឺ ក៏មានការរិះគន់ដូចគ្នាដែរ។
នៅរសៀលថ្ងៃទី២០ ខែឧសភានេះ ក្រុមការងារយើងមិនអាចសុំការទំនាក់ទំនងសុំការបំភ្លឺពីតំណាងក្រុមហ៊ុននេះ បានទេថាមូលហេតុអ្វីបានជាផ្គត់ផ្គង់ទឹកល្អក់ខ្វល់ដល់អតិថិជនប្រើប្រាស់បែបនេះ ហើយក្រមការងាររងចាំការបកស្រាយគ្រប់ពេលវេលា៕