ខេត្តកំពង់ឆ្នាំង៖ ក្រោយពីផ្ទុះរឿងក្រុមគយលើកគ្នា ចុះចាប់យកទូរស័ព្ទនៅតាមបណ្តាលតូបលក់ដូរយ៉ាងប្រញាប់ប្រញាល់ ស្ថិតនៅក្នុងស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ បង្កឱ្យមានការភ័យខ្លាចដល់ក្រុមអាជីវករ។ ហើយរឿងនេះធ្វើឲ្យមានការល្បីល្បាញ ទូទាំងប្រទេស មិនទាន់ស្ងប់ស្ងាត់ផងស្រាប់តែនៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ អាជីវករលក់ទូរស័ព្ទនិងគ្រឿងសំអាង នៅក្នុងផ្សាររមាស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានស្ទុះស្ទានាំគ្នាបិទតូប លក់ដូរយ៉ាងប្រញាប់ប្រញ៉ាល់ធ្វើឲ្យមានការភ្ញាក់ផ្អើលពេញផ្សារតែម្តង ដោយសារតែមានមន្ត្រី ប្រើប្រាស់ឯកសណ្ឋាន ដែលគេមិនទាន់ស្គាល់ អត្តសញ្ញាណ បានចុះទៅប្រមូលគ្រឿងសំអាងតាមតូបដោយប្រើពាក្យថាមិនមានពន្ធ ។
ក្រោយពីកើតមានរឿងនេះមក នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤នេះ ដែលជាថ្ងៃបន្ទាប់ សមត្ថកិច្ចចំរុះ ស្រុកទឹកផុស ដែលដឹកនាំដោយលោក សូត្រ សង អភិបាលស្រុកទឹកផុស បានចុះទៅធ្វើការណែនាំ ដល់បងប្អូន អាជីវករលក់ដូរ សូមកុំមានការភ័យខ្លាចអី។ ពីព្រោះមន្ត្រីដែលចុះចាប់អនុវត្តច្បាប់កាលពីថ្ងៃទី០៤ ម្សិលមិញគឺជាមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យគ្រឿងសំអាងដែលហួសសុពលភាព និងផលិតផលក្លែងក្លាយ តែប៉ុណ្ណោះទេ។
ជុំវិញបាតុភាព បង្កឲ្យ អាជីវករក្នុងផ្សាររមាស មានការ កើតការភ័យខ្លាចនេះដែរ ម្ចាស់តូបដែលមាន ឈ្មោះ រត្ន័ បញ្ញា លក់ទូរសព្ទដៃក្នុងផ្សារមាស បានបញ្ជាក់ថា គាត់បិទតូបលក់តាំងពីថ្ងៃម្សិលមិញ និងទើបបើកនៅថ្ងៃនេះបន្ទាប់ពីអភិបាលស្រុកចុះណែនាំឱ្យលក់ដូរឡើងវិញ និងម្យ៉ាងវិញទៀតគាត់សំអាងទៅ ក្រុមហ៊ុនបានចុះមកពិនិត្យទូរស័ព្ទក្នុងតូប ហើយបានបិទក្រដាសពន្ធ លើទូរសព្ទរួចអស់ហើយ។ទោះយ៉ាងនេះក្តីគាត់ក៏នៅតែ ភ័យខ្លាចព្រោះតែរបស់មួយចំនួនមួយទឹក ដែលគាត់បានដូរពីប្រជាពលរដ្ឋយកចាស់មកដូរថ្មី ។រូបគាត់សំណូមពរ ថាតើឱ្យគាត់លក់ដូរបែបណាឲ្យបានត្រឹមត្រូវព្រោះបច្ចុប្បន្នកំពុងតែមានការភ័យខ្លាចខ្លាំងណាស់រឿងចុះដកទូរស័ព្ទឆៅៗ បែបនេះនោះ។
ដោយឡែកអ្នកលក់គ្រឿងសំអាងឈ្មោះ ចែ នី បានផ្ដល់កិច្ចសម្ភាសន៍ទាំង២នាក់ប្ដីប្រពន្ធថា នៅថ្ងៃម្សិលមិញ មានមន្ត្រីស្លៀកឯកសណ្ឋានដែលគាត់មិនស្គាល់មកដល់តូប របស់គាត់ ហើយសុំត្រួតពិនិត្យនិងនិយាយថា របស់ទាំងនេះសុទ្ធតែ អត់មានពន្ធទាំងអស់ សូម្បីតែស្បៃសម្រាប់ដុះក្អែល និងសាប៊ូដុំ ក៏គ្មានពន្ធដែរ ហើយបើត្រូវបង់ពន្ធមួយតូបនេះប្រហែល ៣លានរៀលឯណ្ណោះ។ គាត់ក៏សុំសម្រួលត្រឹម៤០ម៉ឺនរៀល ហើយការចរចាក៏ត្រូវ៧០ម៉ឺនរៀល ទើបពួកគេឈប់ប្រមូលអីវ៉ាន់របស់គាត់ដាក់ឡាន រួចយកលុយ៧០ម៉ឹនរៀលនិងបានចេញអស់ទៅ ។គាត់បានឃើញខ្នងអាវ មានអក្សរសរសេរថា (ក.ប.ប )ដូចជាប់រូបក្នុងកាមេរ៉ាសុវត្ថិភាព។
ពាក់ព័ន្ធនិងការលើកឡើងរបស់ក្រុមអាជីវករលក់ដូរនៅក្នុងផ្សាររមាសនេះដែរ លោក ហ៊ី រតនា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ឆ្នាំងបានបញ្ជាក់តាមទូរស័ព្ទថា ថ្ងៃនោះ មន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត កំពង់ឆ្នាំង គ្រាន់តែបានសហការជាមួយ (ក.ប.ប) សាខា របស់ក្រសួងពាណិជ្ជកម្មតែប៉ុណ្ណោះ ហើយការយកលុយពីអាជីវករ ក៏ពួកគេ មិនបានរាយការណ៍មកខ្ញុំដែរ ។
ប្រជាពលរដ្ឋក៏ដូចជាអាជីវករនៅស្រុកទឹកផុសរួមទាំងអាជ្ញាធរផង ឆ្ងល់ថា បើចុះពិនិត្យរបស់ហួសសុពលភាព ឬក្លែងក្លាយម៉េចចាំបាច់ប្រើពាក្យរបស់គេចពន្ធ ហើយតម្រូវឲ្យគេប្រគល់លុយទើបមិនយករបស់គេ តើទាំង នេះជាអំពើពុករលួយដែរឬទេសូមបងប្អូនជួយពិចារណាទាំងអស់គ្នា៕