ខេត្តកំពង់ស្ពឺ៖ ក្រុមអាជីវករលក់ដូរនៅទីប្រជុំជននានា នៅតាមដងផ្លូវ និងនៅតាមបណ្តាលផ្សារ ក៏ដូចជាលក់ដូរតាមតូប តាមផ្ទះ បាននាំគ្នាបិតទាំងស្រុង នៅក្នុងស្រុកថ្ពង នៃខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ បន្ទាប់ពីលេចឮពាក្យចចាមអារ៉ាមនិយាយតៗគ្នាថា នឹងមានក្រុមគយចល័ត សហការជាមួយសមត្ថកិច្ចចម្រុះ ចុះទៅចាប់ ប្រមូលទំនិញ និងអីវ៉ាន់ គេចពន្ធដោយមិនរើសមុខនោះឡើយ។
ការលេចឮពាក្យចចាមអារ៉ាមនេះទៀតថា តូបលក់ដូរ នៅតាមផ្ទះ តាមទីផ្សារនានា ត្រូវបានបិទទ្វារជាបន្តបន្ទាប់ នៅក្នុងស្រុកថ្ពង នៃខេត្តកំពង់ស្ពឺ ក៏ព្រោះតែខ្លាចក្រុមមន្ត្រីគយ ចុះចាប់ប្រមូលអីវ៉ាន់ ឬទំនិញណាដែលមិនបានបង់ពន្ធ។ ហើយមួយវិញទៀតក្រុមអាជីវករ បាននិយាយតៗគ្នាថា ខេត្តផ្សេងឃើញមានរឿងចាប់ទូរស័ព្ទ និង នៅខេត្តកំពង់ឆ្នាំងកន្លងទៅ ទើបពួកគាត់មានការភ័យខ្លាច បិទទ្វារតូបលែងហ៊ានលក់ដូរ។
ពាក់ព័ន្ធនឹងករណីផ្អើលថាប្រជាពលរដ្ឋ ក្រុមអាជីវករ លក់ដូរ បិទទ្វារនេះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានចេញមកបញ្ជាក់ថា ស្ថាប័នគយមិនមែនជាស្ថាប័នដែលពរលដ្ឋត្រូវភ័យខ្លាចទេនោះទេ ប្រសិនបើអាជីវកររកទទួលទានបង់ពន្ធត្រឹមត្រូវ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក៏បានអំពាវនាវយ៉ាងទទូចដល់អ្នកបំពុលសង្គម កុំយកបញ្ហានេះធ្វើនយោបាយដែលនាំឱ្យពលរដ្ឋមានការថ្នាំងថ្នាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕