ខេត្តកំពង់ឆ្នាំ៖ ប្រជាពលរដ្ឋ បានរាយការណ៍ថា សកម្មភាពឈ្មួញប្រមូលទិញលៀសរាប់សិបតោននៅតែបន្តកើតមានជារៀងរាល់ថ្ងៃទោះក្រសួងចេញសេចក្តីជូនដំណឹង ស្ដីពី រដូវបិទនេសាទក៏ដោយ ប៉ុន្តែសមត្ថកិច្ចជំនាញពាក់ព័ន្ធហាក់គ្មានឆន្ទៈក្នុងការបង្ក្រាបសោះ។
ជាក់ស្តែងនៅថ្ងៃទៅ១០ ខែមិថុនា ឆ្នាំ២០២៤ ក្រុមឈ្មួញបានមកបោះតង់ រង់ចាំប្រមូលទិញលៀសពីក្រុមឈ្មួញនេសាទ ដឹកតាមទូកខ្នាតធំ យកមកឡើងនៅតាមបណ្តាទីតាំង មួយចំនួន តាមជួរមាត់ទន្លេ និងលើកដាក់ឡានដឹកឆ្លងទៅលក់បន្តនៅប្រទេសជិតខាង ត្រង់ចំណុចព្រែកត្រពាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង (ជាទីតាំងថ្មីចល័តរបស់ក្រុមឈ្មួញ) និងចំណុចវត្តថ្នល់ ស្ថិតក្នុងភូមិថ្នល់តាសែង ឃុំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង (ជាទីតាំងចាស់សម្រាប់ប្រមូលទិញគ្រប់រដូវកាលរបស់ក្រុមឈ្មួញ)។
បើតាមប្រភពមួយបានបង្ហើបឲ្យដឹងថា មានក្រុមថៅកែជាច្រើនមកបោះតង់ ចាំប្រមូលទិញលៀស ពីក្រុមឈ្មួញនេសាទនៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានឈ្មោះ.÷
-១.ឈ្មោះ ចែហៀង -២.ឈ្មោះ ចែនី-៣.ឈ្មោះ ប៉ោង-៤.ឈ្មោះ រតនា-៥.ឈ្មោះ ចែអ៊ីម. ដោយក្រុមថៅកែទាំងនោះក្នុងមួយថ្ងៃៗទិញលៀសរាប់សិបតោន។
ប្រភពដ៏ដែលបានបន្តទៀតថា ក្រោយពីក្រុមថៅកែទាំងនោះបានប្រមូលទិញពីក្រុមឈ្មួញនេសាទបានអស់ហើយ នឹងមានថៅកែធំម្នាក់ឈ្មោះ ឌី ជាអ្នកចាំប្រមូលទិញបន្តពីថៅកែទាំងនោះ នឹងលើកដាក់ឡានដឹកយកទៅលក់នៅប្រទេសជិតខាង ដោយមិនមានការរំខានពីសំណាក់អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ ពិសេសជំនាញរដ្ឋបាលជលផល.សង្ស័យក្រុមឈ្មួញទាំងនោះមានមន្តអាគមគាថា ឬបានសែនព្រេនអ្នកតាម្ចាស់ទឹកម្ចាស់ដីអស់ហើយទេដឹងទើបស្រវឹងភ្នែកមើលមិនឃើញអ្វីសោះ។
ប្រជាពលរដ្ឋបានឲ្យដឹងថា លៀស ទាំងអស់នោះត្រូវបានក្រុមឈ្មួញនេសាទប្រើឧបករណ៍កែវលៀសវែងចូលក្នុងបាតទន្លេ នឹងប្រើម៉ាស៊ីនចាប់ពី ៤ ទៅ ៥ ម៉ាស៊ីន ដែលច្បាប់ហាមឃាត់។
គួរបញ្ជាក់ផងដែរថាកាលពីកន្លងមកថ្នាក់ដឹកនាំ បានបញ្ជារឱ្យទប់ស្កាត់បទល្មើសធនធានធម្មជាតិនិងជីវ:ចម្រុះដែលរស់នៅក្នុងទឹកនៃខេត្តកំពង់ឆ្នាំង ឥឡូវនេះកំពង់រងនូវការ វិនាសដោយសារតែក្រុមឈ្មួញ ជាក់ជាមិនខាន។
ប្រជាពលរដ្ឋបានស្នើដល់ក្រសួងកសិកម្មចុះធ្វើអធិការកិច្ចទៅលើបុគ្គលមន្ត្រីដែលអសកម្ម ក្នុងការអនុវត្តច្បាប់ស្ដីពីជលផល បើពុំដូច្នោះទេមច្ឆាជាតិជីវៈចម្រុះនឹងត្រូវវិនាសហិនហោចក្នុងផ្ទៃបឹងទន្លេសាបជាក់ជាមិនខានឡើយ។
ការលើកឡើងខាងលើនេះដែរ អង្គភាពសារព័ត៌មានយើងមិនអាចសុំការបកស្រាយបំភ្លឺពីក្រុមថៅកែ ដែលមកបោះតង់ រង់ចាំប្រមូលទិញ លៀស បានទេ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ ពិសេសមន្ត្រីជំនាញពាក់ព័ន្ធ។
អង្គភាពសារព័ត៌មានយើងស្វាគមន៍រាល់ការបកស្រាយ ប្រសិនបើមានប្រតិកម្មណាមួយនោះ ដោយយោងច្បាប់ស្ដីពីរបបសារព័ត៌មាន សូមអរគុណ៕