ខេត្តកំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺមានប្រសាសន៍ថា÷ អ្នកប្រើប្រាស់គ្រឿងញៀន គឺធ្វើឱ្យអន្តរាយដល់សុខភាព ខាតបង់ទ្រព្យសម្បត្តិ ខូចអនាគត ងាយឆ្លងមេរោគអេដស៍ ជំងឺអេដស៍ និងជំងឺផ្សេងៗថែមទៀតផង។ ឯកឧត្តម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺមានប្រសាសន៍បែបនេះ គ្រាលដែល ឯកឧត្តម និងឯកឧត្តម យឹមសុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ អញ្ជើញ ប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤ ក្រោមប្រធានបទ៖ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន» នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ពិធីនេះក៏មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុកទាំង៩ លោក លោកស្រី ប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបអ្នកចូលរួម ៤២០នាក់។
យោងតាមរបាយការណ៍របស់លោក ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០២៤នេះ
សមត្ថកិច្ចបង្ក្រាបការជួញដូរ និងប្រើប្រាស់គ្រៀងញៀនបានចំនួន ៣០៤ករណី លើ ២៦២ករណី ឃាត់មុខសញ្ញាជួញដូរគ្រឿងញៀន សរុបបាន ចំនួន ៤៩៨នាក់ ស្រី ៣៥នាក់ លើ ៣៩៧នាក់ ស្រី ៨នាក់ ក្នុងនោះ នគរបាល ២៩៣ករណី ឃាត់មុខសញ្ញាជួញដូរគ្រឿងញៀនសរុបបានចំនួន ៤៥៧នាក់ ស្រី ២៨នាក់ និង កងរាជអាវុធហត្ថ ១១ករណី ឃាត់មុខសញ្ញាជួញដូរគ្រឿងញៀន សរុបបានចំនួន ៤១នាក់ ស្រី ៧នាក់ ដកហូតគ្រឿងញៀន ប្រភេទមេតំហ្វេតាមីនសរុបទាំងអស់មានចំនួន ១,២៩១កញ្ចប់ (១,១៦៧តូច, ១១២មធ្យម និង ១២ធំ) ទម្ងន់សរុប ២,២៩៣,១៦ក្រាម (២គីឡូ ២ខាំ), ជញ្ជីងថ្លឹងគ្រឿងញៀន ១៦, រថយន្ត ២, ម៉ូតូ ១៤៩. ទូរស័ព្ទ ៣០១, អាវុធកែច្នៃ ៨, ដាវ ១៣, កាំបិត ១៣, ពូថៅ ៤, ញញូរ ១, កាំភ្លើងAK ១ដើម បង់ ១ គ្រាប់ ៣៦គ្រាប់, កាំភ្លើងជ័រ ១ដើម រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ បានបញ្ជូនទៅ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធី បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា មានការកើនឡើង ៤២ករណី មុខសញ្ញា ១០១នាក់ ស្រី ២៧នាក់ ស្មើនឹង ៥៣,៧១%។
ឯកឧត្តម វ៉ី សំណា អភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា ទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀននេះធ្វើឡើង គឺដើម្បីផ្សព្វផ្សាយឲ្យមានការយល់ដឹងទូលំទូលាយពីផលប៉ះពាល់នៃគ្រោះថ្នាក់បណ្តាលមកពីគ្រឿងញៀន ម្យ៉ាងទៀតដើម្បីរំលឹកបំផុសឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានការបង្ការ និងការទប់ស្កាត់រាល់បញ្ហាដែលពាក់ព័ន្ធនិងគ្រឿងញៀនព្រមទាំងចូលរួមចំណែកអនុវត្តនយោបាយភូមិ ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម វុី សំណាង អភិបាលខេត្ត មានប្រសាសន៍បន្ថែមទៀតថា អ្នកប្រព្រឹត្ត និងប្រើប្រាស់គ្រឿងញៀន គឺបានធ្វើអោយប៉ះពាល់ អន្តរាយដល់សុខភាព ខូចខាតទ្រព្យសម្បត្តិ ងាយឆ្លងមេរោគអេដស៍ ជំងឺផ្សេងៗ និងកើតមានអំពើហិង្សាផ្សេងៗនៅក្នុងសង្គមគ្រួសារ ជាក់ស្តែងគ្រួសារអ្នកប្រើប្រាស់គ្រឿងញៀនផ្ទាល់តែម្តង ហើយសកម្មភាពចរាចរ ចែកចាយគ្រឿងញៀននៅខេត្ត នៅតែកើតមានក្នុងចំណោមប្រជាពលរដ្ឋ ជាពិសេសយុវវ័យ ដែលឈានទៅដល់ការបាត់បង់ធនធានមនុស្ស ប៉ះពាល់ ធ្ងន់ធ្ងរដល់ផ្នែកសេដ្ឋកិច្ច សង្គមកិច្ច រាំងស្ទះដល់ដំណើរការអភិវឌ្ឍប្រទេសជាតិ។ជាងនេះទៅទៀត កាប្រើប្រាស់គ្រឿងញៀនបានបន្សល់ទុកនូវក្តីកង្វល់ដល់សហគមន៍ គ្រួសារ អាណាព្យាបាល ដែលមានកូនចៅរងគ្រោះដោយសារគ្រឿងញៀនដែលទាមទារឲ្យមានចំណាត់ការហ្មត់ចត់ សមស្រប និងច្បាស់លាស់ របស់ស្ថាប័ន និងសមត្ថកិច្ច។
ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជួយចាត់វិធានការទប់ស្កាត់ និងរួមគ្នាបញ្ចៀសគ្រឿងញៀនឲ្យផុតពីសហគមន៍យើង ហើយវិធានការនោះ គឺការផ្សព្វផ្សាយ និងលើកកំពស់ការយល់ដឹងជាសាធារណៈអំពីស្ថានភាពគ្រោះថ្នាក់នៃគ្រឿងញៀន៕