ខេត្តកំពង់ស្ពឺ៖ លោក ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ការរក្សាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានគឺជាកាតព្វកិច្ចរបស់រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវធានាការអនុវត្តឱ្យបាននូវគោលការណ៍ចំនួន៤ឱ្យមានប្រសិទ្ធិភាពដាច់ខាត។ការក្រើនរំឭកនូវគោលការណ៍៤នោះគឺបញ្ហាគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងគ្រប់ប្រភេទ និងការរុករានដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ដែលការណ៍នេះធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ក្នុងកិច្ចប្រជុំគណបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ។
អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ចន្ទ័សោភ័ណ បានលើកឡើងបន្តថាបញ្ហាគ្រឿងញៀនគឺជាបញ្ហាមួយដែលបច្ចុប្បន្នប្រជាពលរដ្ឋបាននិងកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង។តែដើម្បីឆ្លើយតបទៅនិងក្តីកង្វល់នេះ អាជ្ញាធរក្រុងស្រុកទាំងអស់ ពិសេសកងកម្លាំងទាំងបីប្រភេទត្រូវបង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ត្រូវបង្កើនសកម្មភាពបង្ការ និងបង្ក្រាបឱ្យមានប្រសិទ្ធិភាពខ្ពស់។មួយវិញទៀតចំពោះមន្ត្រីរាជការដែលមានការពាក់ពន្ធ័ជាមួយគ្រឿងញៀនគឺត្រូវតែដកចេញជាបន្ទាន់ពីអង្គភាព មន្ទីរដោយមិនទុកឱ្យនៅធ្វើការបន្តឡើយ។ជាងនេះទៀតអាជ្ញាធរមូលដ្ឋានត្រូវតែរៀបចំឱ្យមានភូមិសដែលគ្មានគ្រឿងញៀននិងរាយការណ៍មករដ្ឋបាលខេត្តនូវភូមិ ឃុំ សង្កាត់ ដែលមានគ្រឿងញៀនច្រើនដើម្បីឱ្យរដ្ឋបាលខេត្តមានវិធានការទៅប៉ុស្តិរដ្ឋបាលនៃឃុំសង្កាត់ទាំងនោះ។
ទន្ទឹមនោះលោកអភិបាលខេត្តកំពង់ស្ពឺក៏បានដាក់បទបញ្ជាផងដែរទៅដល់កងកម្លាំងទាំងបីឱ្យបន្តបង្ក្រាបឱ្យបាននូវល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើងដែលតែងតែបង្កហឹង្សានិងការអុកឡុកនៅតាមមូលដ្ឋានរបស់ខ្លួន។លោកថាត្រូវតែចាត់ការនិងបង្ក្រាបបន្ទាន់ កុំចាំថ្នាក់ដឹកនាំស្រែកទើបធ្វើ លោកថាកុំវែកចកគឺត្រូវដកចកចេញ ត្រូវមានវិធានការបន្ទាន់ ដោយធ្វើពីទីប្រជុំជនមុន រហូតដល់ទីជនបទ។ហើយចំពោះក្មេងទំនើងពេលចាប់បានអ្នកបង្ហោះម៉ូតូ អាយុចាប់ពី១៨ឆ្នាំឡើង ប៉ុស្តិរដ្ឋបាលត្រូវតែកោរត្រងោល ហើយនាំទៅទស្សនៈកិច្ចនៅពន្ធនាគារ បន្ទាប់មកឱ្យបោសសំអាតនៅសាលាឃុំ ប៉ុស្តិរដ្ឋបាលនិងទីសាធារណៈ ជាមួយនោះលោកសុំឱ្យស្ថាប័នតុលាការដាក់ឃុំផងដែរ។តែចំពោះក្មេងអាយុ១៨ឆ្នាំចុះត្រូវកោត្រងោល ចាំឱ្យទៅផ្ទះវិញ ត្រូវតែអនុវត្តច្បាប់ដោយគ្មានការលើកលែងទេ ។
ជាមួយនិងវិធានការតឹងរឹងនេះដែរលោក ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺក៏ប្រាប់ដល់អាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញ បង្កើនប្រសិទ្ធិភាពក្នុងការបង្ការ ទប់ស្កាត់ការរុករានដីព្រៃដែលអភិរក្ស រក្សាទុករបស់រដ្ឋ។មេឃុំ ចៅសង្កាត់ដែលស្ថិតនៅមូលដ្ឋានត្រូវតែតាមដាននិងរាយការណ៍មករដ្ឋបាលខេត្ត បើការរុករាននោះមានការចាត់តាំងតាមរយៈអ្នកនៅពីក្រោយត្រូវតែអនុវត្តច្បាប់ជាធរមាន។មួយវិញទៀតបើមានមន្ត្រីដែលពាក់ពន្ធ័ ដែលឆ្លៀតកន្ទេលធំបន្លំដេក ត្រូវអនុវត្តពិន័យឱ្យបានម៉ឺងម៉ាត់ផងដែរ៕