ភ្នំពេញ៖ តាមភាសាការទូតរាជរដ្ឋាភិបាលកាលពីពេលថ្មីៗនេះបានសម្រេចដក ឬផ្ទេរភារកិច្ចប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីគឺ លោក ឆៅ ប៊ុនធឿន និង លោក គង់ ពុទ្ធីរ៉ា ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ឱ្យមកបំពេញការងារនៅទីស្ដីការក្រសួងបរិស្ថាន។
យោងតាមសេចក្តីសម្រេចបានបញ្ជាក់ថា ត្រូវបានផ្ទេភារកិច្ចមន្ត្រីរាជការចំនួន ២រូប របស់ក្រសួងបរិស្ថាន ដូចបានរាយនាមខាងក្រោមនេះ៖ ទី១-លោក ឆៅ ប៊ុនធឿន ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ពីប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងបរិស្ថាន។
ទី២-លោក គង់ ពុទ្ធីរ៉ា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងបរិស្ថានវិញ។ ក្រសួងបានបញ្ជាក់ទៀតថា បទប្បញ្ពត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
បើទោះជាដូចច្នេះក៍ដោយ ក្រសួងបានបញ្ជាក់ទៀតថា ក្នុងមាត្រា១ ខាងលើ លោក ឆៅ ប៊ុនធឿន និងលោក គង់ ពុទ្ធីរ៉ា ប្រធានមន្ទីរបរិស្ថានទាំង២រូបនេះ ត្រូវតែទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕