ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺដែលជាម្ចាស់ដីបានលើកគ្នាមកដាក់ពាក្យប្តឹង លោកវរសេនីយ៍ទោ អុី លាងអេង មន្ត្រីយោធានៅក្រសួងការពារជាតិចូលទៅមេឃុំត្រពាំងគងដើម្បីឲ្យជួយដោះស្រាយរឿងពួកគាត់លក់ដីឲ្យលោកអុី លាងអេង ដែលរហូតមកដល់ពេលនេះពួកគាត់នៅមិនទាន់ទទួលបានលុយថ្លៃដីនៅឡើយទេ។ នេះបើយោងតាមលិខិតដែលអង្គភាពព័ត៌មានយើងទទួលបាននៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤នេះ។
យោងតាមប្រភពបានឲ្យដឹងថាពេលនេះប្រជាពលរដ្ឋជាច្រើនគ្រួសារបាននឹងកំពុងរង់ចាំមើលថាតើលើកនេះតើលោកហែម ហ៊ន មេឃុំត្រពាំងគងដោះស្រាយជូនពលរដ្ឋដែរឬទេ?ទឹកប្រាក់សរុបថ្លៃដីរបស់ពលរដ្ឋទាំងអស់មានចំនួនច្រើនគឺជិត៣លានដុល្លារឯណោះ។
ប្រជាពលរដ្ឋឈ្មោះ នឹម លីនី ភេទស្រីអាយុ ៥៦ រស់នៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង បានឲ្យដឹងថា ដីរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារនេះអ្នកទិញ ទើបឱ្យបានត្រឹមតែ៣០ភាគរយតែប៉ុណ្ណោះ ហើយទាមទារយកប្លង់រឹងពី ប្រជាពលរដ្ឋថា ទាល់តែយកប្លង់ទើបថៅកែចិនទម្លាក់លុយឱ្យ។ រហូតមកដល់ពេលនេះជាយូរខែមកហើយ នៅតែមិនព្រមឱ្យប្រជាពលរដ្ឋនោះទេ ម្នាក់ៗចាប់ពីជាង១ម៉ឺនដុល្លារ រហូតដល់ជាង១០ម៉ឺនក៏មានដែរ។ ទើបប្រជាពលរដ្ឋមកធ្វើការប្តឹងតវ៉ា នៅសាលាឃុំត្រពាំងគងនៅព្រឹកនេះដើម្បីឱ្យថៅកែប្រគល់លុយគ្រប់ចំនួនមក។
តាមប្រភពព័ត៌មានបង្ហើបថា÷ បើតាមដឹងគឺថៅកែចិនដែលទិញដីបំរុងសាងសង់រោងចក្របានទម្លាក់លុយមកឲ្យលោកអុី លាងអេងអស់ហើយ តែអស់រយ:ពេលច្រើនខែមកហើយមន្ត្រីយោធារូបនេះមិនបានទម្លាក់លុយឲ្យមកប្រជាពលរដ្ឋដែលជាម្ចាស់ដីនោះទេ។ពេលនេះពលរដ្ឋសង្ស័យថាលោកអុីលាងអេងមានគំនិតទុច្ចរិតមិនបើកលុយថ្លៃដីឲ្យពួកគាត់នោះទេ រឿងនេះក្នុងនាមរូបគាត់និងប្តជាពលរដ្ឋជាច្រើនរូបមានតែសំណូមពរនិងទទូចស្នើសុំទៅថៅកែចិនដែលជាអ្នកទិញដីផ្ទាល់សុំឈប់បន្តទម្លាក់លុយថ្លៃដីរបស់ពួកគាត់តាមរយ:លោកអុី លាងអេងតទៅទៀតសូមលោកថៅកែមេត្តាចុះមកជួបពលរដ្ឋម្ចាស់ដីផ្ទាល់ទើបដឹងការពិតថារហូតមកដល់ពេលនេះលោកអុីលាងអេងមិនបានបើកលុយថ្លៃដីឲ្យពួកគាត់បន្តនោះទេ។
ប្រជាពលរដ្ឋឈ្មោះ ផាត់ សុផល អាយុ៥៩ឆ្នាំ រស់នៅភូមិអូរក្រាំងអំបិលឃុំត្រពាំងគង និយាយថាក្នុងនាមជាប្រជាពលរដ្ឋដែលជាម្ចាស់ដីសូមទទូចស្នើសុំដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិសូមមានចំណាត់ការលើលោកវរសេនីយ៍ទោអ៊ីលាងអេងផងព្រោះពេលនេះលោកអ៊ីលាងអេងដែលបានប្រើអំណាចយោធារបស់ខ្លួនកឹបកេងលុយថ្លៃដីរបស់ពលរដ្ឋមិនបើកឲ្យពួកគាត់នោះឡើយ។
អ្នកយកព័ត៌មានយើងពុំអាចសុំការបកស្រាយពីលោកអុី លាងអេង បានឡើយដោយសារពុំមានលេខសម្រាប់ទំនាក់ទំនង។អង្គភាពពត៌មានយើងពុំមានចេតនាអាក្រក់ណាមួយនោះទេការផ្សាយនេះគឺចង់ឲ្យថ្នាក់លើបានដឹងនិងជ្រាបតែប៉ុណ្ណោះនិងរង់ចាំស្វាគមន៍គ្រប់ពេលវេលានៅពេលមានការបកស្រាយច្បាស់លាស់ណាមួយពីលោកអុីលាងអេង៕