ព្រៃវែង៖ ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ លោក ឌុច គន្ធា អភិបាលរងខេត្ត ជាអនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន គ.គ.ម.ខ. បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់សៀវភៅផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយ ទឹកជំនន់ ឆ្នាំ២០២៤ ខេត្តព្រៃវែង។
លោក ឌុច គន្ធា អភិបាលរងខេត្ត បានលើកឡើងថា ក្នុងឆ្នាំ២០២៤នេះ ទឹកជំនន់មានកម្រិតទាប នៅឡើយ តែវានឹងអាចបង្កឲ្យមាន ហានិភ័យដល់ការងារកសិកម្ម កង្វះខាតទឹក កើតជម្ងឺឆ្លង កើត សត្វល្អិតចង្រៃ សត្វកណ្តុរ ជាដើម។ ហើយរីឯការប្រែប្រួលអាកាសធាតុ គឺបានបង្កឲ្យកើតមានឡើងនូវមុខសញ្ញាគ្រោះថ្នាក់ផ្សេងៗ ដូចជាៈ ទឹកជំនន់, រាំងស្ងួត, ខ្យល់ព្យុះ, ខ្យល់កន្ត្រាក់, ភ្លៀងមិនទៀងទាត់, រន្ទះ, ជម្ងឺឆ្លង, សត្វល្អិតចង្រៃ ។ល។ ធ្វើឲ្យប៉ះពាល់ ខូចខាតដល់ផលដំណាំ ទ្រព្យសម្បត្តិ អាយុជីវិតមនុស្ស សត្វ ហេដ្ឋារចនាសម្ព័ន្ធជាដើម។
លោក អភិបាលរងខេត្ត បន្ថែមថា គោលបំណងនៃការបង្កើតផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះអាសន្នទឹកជំនន់នេះ គឺដើម្បីប្រើប្រាស់
សម្រាប់ជាជំនួយដល់ដំណើរការក្នុងការគ្រប់គ្រងប្រតិបត្តិការឆ្លើយតបគ្រោះអាសន្ន ឲ្យមានប្រសិទ្ធភាព និង ប្រសិទ្ធផលខ្ពស់។ ផែនការត្រៀមបម្រុងនេះក៏ជាផែនទីបង្ហាញផ្លូវសម្រាប់ការសម្រេចចិត្ត និងជាមូលដ្ឋានក្នុងការបង្កើតនូវផែនការឆ្លើយតបគ្រោះអាសន្ន នៅពេលដែលគ្រោះមហន្តរាយទឹកជំនន់មួយបានកើតឡើង។ ផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះអាសន្ននេះ ត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ នៅពេលដែល មាន
ការព្រមាន ស្តីពីមុខសញ្ញាគ្រោះថ្នាក់ដែលបានព្យាករណ៍ដោយប្រភពព័ត៌មានផ្លូវការដែលទទួលស្គាល់ដោយស្ថាប័នរដ្ឋ។ ផែនការត្រៀម បម្រុងសម្រាប់ឆ្លើយតបគ្រោះអាសន្នត្រូវបានចែកចេញជា ៧ ផ្នែក សំខាន់ៗដែលរួមមាន (១) ស្ថានភាពទូទៅបច្ចុប្បន្ននៃមុខសញ្ញាគ្រោះថ្នាក់ (២)សេណារីយ៉ូ (សន្មត់ដំណើរសាច់រឿង) (៣) លក្ខណៈវិនិច្ឆ័យសម្រាប់ការចាប់ផ្តើមអនុវត្តផែនការ (៤)និតិវិធីប្រតិបត្តិស្តង់ដាគ.គ.ម.ខ. (៥) យុទ្ធសាស្ត្រឆ្លើយតប (៦) យន្តការសម្រប សម្រួលជាមួយស្ថាប័នពាក់ព័ន្ធ និង (៧)ឧបសម្ព័ន្ធ ផ្សេងៗ ។
លោក អភិបាលរងខេត្ត បន្តថា ដោយសារបញ្ហាទាំងអស់នេះ រាជរដ្ឋាភិបាលមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើការងារ គ្រប់គ្រងហានិភ័យនៃការប្រែប្រួលអាកាសធាតុ ដែលបង្កឲ្យមានគ្រោះមហន្តរាយ ហើយក៏បានរិះរកវិធានការ និងមានការរៀបចំផែនការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីត្រៀមបង្ការ ទប់ស្កាត់ កាត់បន្ថយ ការបន្សំទៅនឹងការប្រែប្រួលអាកាសធាតុ ។
លោក អភិបាលរងខេត្ត បន្តថា រដ្ឋបាលខេត្តបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់សៀវភៅផែនការត្រៀមបម្រុង សម្រាប់ឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់សម្រាប់ឆ្នាំ២០២៤ ដែលជាត្រីវិស័យ ជាប្រយោជន៍ដល់ការធ្វើអន្តរាគមន៍ និងជួយសង្គ្រោះបន្ទាន់ នៅពេលកើតមានគ្រោះអាសន្ននៅក្នុងវិស័យនីមួយៗ ឬ នៅថ្នាក់ក្រុងស្រុក ឃុំ សង្កាត់ និងសហគមន៍ ៕