សម្ដេចព្រះឧត្ដមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភាសង្ឃព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ជាព្រះតំណាងដ៏ខ្ពុងខ្ពស់ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ជាសម្តេចព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ឯកឧត្តម ឈួ សុបញ្ញា រដ្ឋលេខាធិការ ក្រសួងធម្មការ និង សាសនា តំណាងដ៏ខ្ពុងខ្ពស់ ឯកឧត្តម បណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា លោកជំទាវ ឡុង បូណារេត អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ យាង និមន្ត-អញ្ជើញ ជួបសំណេះសំណាល ជាមួយនិងព្រះមន្ត្រីសង្ឃនៃសាលាគណខេត្តកំពង់ស្ពឺ និងព្រះមន្ត្រីសង្ឃក្រុង/ស្រុក ព្រះគ្រូចៅអធិកាវត្ត ដើម្បីសួរសុខទុក្ខព្រះមន្រ្តីសង្ឃ ភិក្ខុ សាមណេរ ដែលគង់នៅតាមបណ្ដារវត្តនានា ក្នុងខេត្តកំពង់ស្ពឺទាំងមូល ។
ក្នុងពិធីនេះមានការនិមន្តចូលរួមពីព្រះមន្រ្តីសង្ឃសាលាគណខេត្ត ព្រះគ្រូអនុគណក្រុង ស្រុក ព្រះចៅអធិការគ្រប់វត្ត ក្នុងខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំមន្ទីរធម្មការ និងសាសនាខេត្ត សរុប ៣៤៣អង្គ/នាក់។ ក្នុងឱកាសនេះ សម្ដេចព្រះឧត្ដមចរិយា បណ្ឌិត មានថេរដីការំលឹកដល់ព្រះមន្រ្តីសង្ឃគ្រប់ព្រះអង្គថា សូមព្រះមន្រ្តីសង្ឃគ្រប់ព្រះអង្គ ត្រូវប្រកាន់ខ្ជាប់នូវការបដិបត្តិវិន័យតាមសិក្ខាបទទាំង២២៧ របស់ព្រះភិក្ខុសង្ឃ។ ម្យ៉ាងទៀត សម្ដេចព្រះឧត្ដមចរិយា បណ្ឌិត ក៏បានក្រើនរំលឹកដល់ព្រះសង្ឃគ្រប់អង្គ ជាពិសេសព្រះមន្រ្តីសង្ឃដែលជាថ្នាក់ដឹកនាំវត្តទាំងអស់ថា៖
-ត្រូវពង្រឹងពុទ្ធិកសិក្សាឱ្យបានល្អ ពីព្រោះវាជាថ្នាលបណ្ដុះបណ្ដាលព្រះសង្ឃគ្រប់អង្គនៅក្នុងខេត្តទាំងមូល ។
-សម័យទំនើបនេះ សូមព្រះមន្ត្រីសង្ឃ ភិក្ខុ សាមណេរ ប្រើប្រាស់នៅបច្ចេកវិជ្ជា ឌីជីថល ឱ្យបានត្រឹមត្រូវ កុំប្រើប្រាស់ទំនាក់ទំនងខុស ហើយប្រាស់ចាកអំពីធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធនៃយើង។
-សូម ព្រះមេគណ ព្រះឧបជ្ឈាយ៍ ត្រូវពិនិត្យមើលកុល្យបុត្រដែលត្រូវមកបំពេញបព្វជ្ជា ឱ្យបានត្រឹមត្រូវតាមធម៌ វិន័យ និងច្បាប់រដ្ឋ ដែលក្នុងព្រះវិន័យបានបញ្ញត្តិទុកមានមក ឱ្យអនុវត្ត និងប្រតិបត្តិតាម ជាពិសេសស្របតាមច្បាប់រដ្ឋ។
-សូមមន្ត្រីសង្ឃគ្រប់ឋានុក្រម ត្រូវរៀបចំរចនាសម្ព័ន្ធគណៈគ្រប់គ្រងវត្ត មានព្រះចៅអធិការវត្ត ព្រះគ្រូសូត្រស្តាំ ឆ្វេង ដែលនៅស្តីទី ឲ្យបានឡើងពេញសិទ្ធិ តាមរដ្ឋបាលសង្ឃ។
ឯកឧត្តម ឈួ សុបញ្ញា រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពុងខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បាននាំនូវការផ្តាំផ្ញើរ និងសួរសុខទុក្ខថ្វាយបង្គំប្រគេនពរពី ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដល់ព្រះមន្រ្តីសង្ឃគ្រប់ព្រះអង្គ។ សូមព្រះមន្រ្តីសង្ឃ និងព្រះចៅអធិការវត្តគ្រប់ព្រះអង្គ ចូលរួមគ្រាំទ្រសកម្មភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសគម្រោងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែន សូមព្រះមន្រ្តីសង្ឃត្រូវធ្វើការគ្រប់គ្រងវត្តអារាមឱ្យបានល្អស្របទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ពិសេសការគ្រប់គ្រងព្រះសង្ឃ អាចារ្យ គណៈកម្មការ ក្មេងវត្តនីមួយៗឱ្យបានច្បាស់លាស់ជៀសវាងនូវអធិករណ៍ ឬបញ្ហាផ្សេងៗ ដែលនាំឱ្យប៉ះពាល់តម្លៃព្រះពុទ្ធសាសនា និងតម្លៃជាតិយើងទាំងមូល៕
កម្មវិធីប្រារព្ធធ្វើក្នុងសាលបណ្ណាល័យខេត្តកំពង់ស្ពឺ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់កំពង់ស្ពឺ
រសៀល ថ្ងៃពុធ ២កើត ខែស្រាពណ៍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨/ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤