ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃចន្ទ ទី០៩ ខែកញ្ញា ឆ្នាំ២០២៤.ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធជាផ្លូវការ សាលារៀនវ៉េស្ទឡាញន៍ សាខាទី១២ នៅបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ អមដំណើរដោយឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថាន អប់រំ វ៉េស្ទឡាញន៍ អេឌ្យូខេសិន គ្រុប ទីប្រឹក្សាក្រសួងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម ឡេង សុខគា ប្រធានក្រុមប្រឹក្សាភិបាលសាលារៀនវ៉េស្ទឡាញន៍ សាខាក្រុងច្បារមន និងជាប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ និងមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី តំណាងប្រធានមន្ទីរអង្គភាពជុំវិញខេត្តព្រមទាំងអាណាព្យាបាល និងសិស្សានុសិស្ស យ៉ាងច្រើនកុះ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានមានប្រសាសន៍លើកឡើងថា៖ ការពង្រីកគ្រឹះស្ថានសិក្សាគឺជាការលើកកម្ពស់អក្ខរកម្មនិងការអភិវឌ្ឍន៍នៅកម្ពុជា។ កម្មវិធីសិក្សាធិការពិតជាបានលើកកម្ពស់អក្ខរកម្មនៅកម្ពុជា ហើយអក្ខរកម្មពិតជាបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងបន្តរក្សានូវសុខសន្តិភាព ដែលប្រជាជនកម្ពុជាគ្រប់រូបចង់បាននិងកំពុងទទួលផលជាពិសេសនៅខេត្តកំពង់ស្ពឺ ដែលជាខេត្តធ្លាប់តែប្រទាញប្រទង់គ្នាដោយចុងអាវុធ និងអូសបន្លាយយូរឆ្នាំ។ ជាមួយនិងការបើកពង្រីកគ្រឹះស្ថានអប់រំនេះដែរគឺជាការផ្ដល់ភាពអង់អាចដល់ប្រជាពលរដ្ឋគ្រប់រូប រួមទាំងជនងាយរងគ្រោះ កុមារ និងយុវជនធ្វើពលកម្មនៅក្រៅសាលារៀន កម្មករ កម្មការិនីរោងចក្រ កុមារ ដើម្បីទទួលបានចំណេះដឹងមូលដ្ឋាន និងមានសមត្ថភាពរឹងមាំ ឈានឆ្ពោះទៅចាប់យកជំនាញវិជ្ជាជីវៈប្រចាំជីវិត ស្របតាមចំណង់ចំណូលចិត្តរបស់ខ្លួន សម្រាប់លើកកម្ពស់ជីវភាព និងការចូលរួមក្នុងសកម្មភាពអភិវឌ្ឍសង្គមឱ្យកាន់តែសកម្មនិងមាននិរន្តរភាព។
ទន្ទឹមនោះឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺក៏បានរំពឹងទុកថា៖ គ្រឹះស្ថានសិក្សានៃសាលារៀនវ៉េស្ទឡាញន៍សាខាទី១២ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នឹងដើរតួយ៉ាងសំខាន់ក្នុងការបង្កើនការយល់ដឹងកាន់តែទូលំទូលាយ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសមត្ថភាពរបស់សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋគ្រប់រូប ប្រកបដោយថាមពល គុណភាព និងភាពជាពលរដ្ឋសកល ដើម្បីរួមចំណែកបង្កើនល្បឿន នៃកំណើនសេដ្ឋកិច្ច និងធ្វើឱ្យសង្គមជាតិទាំងមូលរីកចម្រើនជឿនលឿនទៅមុខ។
បានអោយដឹងថាមកដល់ពេលនេះសាលានវ៉េស្ទឡាញន៍ សាខាទី១២ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានកូនសិស្សមកចុះឈ្មោះបានប្រមាណជា៧០នាក់ សាខាមានបុគ្គលិកចំណុះ ២២ នាក់ មានបន្ទប់គាំទ្រចំនួន១១ និងបន្ទប់សិក្សាមានចំនួន១១ ក្នុងនោះសាខាមានសិស្សចូលរៀន សរុបប្រមាណជាង១ម៉ឺននាក់ សាលាបានផ្ដល់ការងារដល់លោកគ្រូអ្នកគ្រូប្រមាណជាង ១ពាន់ នាក់។
សូមបញ្ជាក់ផងដែរថា៖ ខេត្តកំពង់ស្ពឺបច្ចុប្បន្នមានសាលារៀនចំនួន៦៤៣សាលា ក្នុងនោះសាលារៀនឯកជន ចំនួន៩៧សាលារៀន។ ក្នុងអំឡុងមួយទស្សវត្សកន្លងមកនេះ ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយដៃគូអភិវឌ្ឍន៍សម្រេចបាននូវវឌ្ឍនភាពជាបន្តបន្ទាប់ក្នុងការបង្កើនអត្រាអក្ខរកម្មជាតិ តួយ៉ាងយុទ្ធនាប្រមូលសិស្សចុះឈ្មោះចូលរៀនប្រចាំឆ្នាំ ធានាថាកុមារទាំងអស់ត្រូវបានបញ្ជូនទៅសាលារៀន ហើយក្រសួងអប់រំក៏បានដាក់ឱ្យប្រើប្រាស់នូវវិធីសាស្រ្ត បង្រៀនថ្មីសម្រាប់អំណានថ្នាក់ដំបូងដើម្បីកែលម្អ ប្រសិទ្ធភាពអក្ខរកម្មនិងគុណភាពនៃការរៀន៕