ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋប្រមាណជា១៤៩គ្រួសារ រស់នៅក្នុងភូមិត្រពាំងតាមាន់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បាននាំគ្នាធ្វើការតវ៉ានៅក្នុងសាលាបុណ្យមួយកន្លែងកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ និងផ្តិតមេដៃដាក់ពាក្យបណ្តឹងទៅលោកអភិបាលស្រុកសំរោងទង ដើម្បីឱ្យជួយពិនិត្យនិងអន្តរាគមន៍ទំលាក់លោក ជា ភីន អាយុជាង៥០ឆ្នាំដែលជាមេភូមិលើកបន្តុបដោយលោកមេឃុំព្នាយ ហើយប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងតាមាន់មិនពេញចិត្តឡើយ។
ជួបជាមួយអ្នកយកព័ត៌មានយើងលោក ហ៊ុយ មុត អាយុ៥១ឆ្នាំ មុខរបរប្រជាការពារភូមិ លោក អ៊ួង ថា អាយុ៤២ឆ្នាំ មុខរបរកសិករ និងអ្នកស្រី ផល សូយអាយុ៤៦ឆ្នាំ មុខរបរកសិករ អ្នកទាំង៣នាក់ រស់នៅក្នុងភូមិត្រពាំងតាមាន់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ តំណាងឱ្យប្រជាពលរដ្ឋចំនួន១៤៩គ្រួសារ រស់នៅក្នុងភូមិត្រពាំងតាមាន់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានលើកឡើងស្រដៀងគ្នាថា÷ ពួកគាត់មិនពេញចិត្តចំពោះលោកមេភូមិឈ្មោះ ជា ភីន ដែលទើបឡើងកាន់តំណែងជាង១ខែមកហើយនោះទេ។ ដោយសារតែលោកមេឃុំព្នាយបានលើកបន្តុប ជាសាច់ញាតិផងដែរ។
ប្រជាពលរដ្ឋបានបន្តថា ពួកគាត់ទាំង១៤៩គ្រួសារកោតទុក្ខមិនសុខចិត្តនោះទេ ដោយសារតែលោកមេឃុំព្នាយបាននិយាយថា រឿងលើកមេភូមិឡើងគឺគាត់ជាអ្នកសម្រេច គ្មានប្រជាពលរដ្ឋ ប្រជាជនណាម្នាក់មានសិទ្ធិតវ៉ានោះឡើយ។ កក្តានេះហើយទើបធ្វើឱ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិមិនសប្បាយចិត្ត ក៏ព្រោះថា ឈ្មោះ ជា ភីន នេះ មិនមែនជាអ្នកមានកំណើតនៅក្នុងភូមិត្រពាំងតាមាន់នេះ ជាអ្នកចំណូលថ្មី។ ពួកគាត់សូមឱ្យអាជ្ញាធរឃុំ ស្រុក ខេត្ត ធ្វើការពិនិត្យនិងពិចារណាឡើងវិញ និងធ្វើការបោះឆ្នោតរៀបចំឱ្យបានត្រឹមត្រូវឡើងវិញផង។ ពួកគាត់មិនជំទាស់នោះទេ បើរៀបចំបោះឆ្នោត ហើយជ្រើសរើសអ្នកណាក៏បានឱ្យតែមានកំណើតកើត នៅក្នុងភូមិត្រពាំងតាមាន់នេះ ពួកគាត់សប្បាយចិត្តទទួលយកដោយឥតលក្ខ័ណឡើយ៕