កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា ការប្រឡងបាក់ឌុបឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ នីតិវិធីនៃការរៀបចំទាំងអស់ រឹតតែមានការប្រុងប្រយ័ត្ន និងតឹងរឹងបំផុត អ្នកចេះ គឺជាប់។
ថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងឯកឧត្តម ទុំ សារាវុធ ប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តកំពង់ស្ពឺ និងជាអនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញកាត់បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៣-២០២៤ នាព្រឹកថ្ងៃអង្គារ៍ ទី០៨ ខែតុលា ឆ្នាំ២០២៤ នៅមណ្ឌលអនុវិទ្យាល័យទីរួមខេត្ត ស្ថិតនៅភូមិមុខខេត្ត សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបង្ហាញហឹបវិញ្ញាសារជូនដល់បេក្ខជនប្រឡង ពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសារនៅចំពោះមុខបេក្ខជន ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិត បានផ្តាំផ្ញើរជូនដល់ក្មួយៗទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អ ជាពិសេសនៅថ្ងៃប្រឡងបាក់ឌុបនេះ និងខិតខំធ្វើវិញ្ញាសារប្រឡងឱ្យអស់ពីសមត្ថភាព ជាពិសេសបំពេញនូវព័ត៌មានឱ្យបានត្រឹមត្រូវ នៅលេីសន្លឹកកិច្ចការ ព្រមទាំងគោរតាមបទបញ្ជាផ្ទៃក្នុងនៅពេលប្រឡងឱ្យបានល្អ ពិនិត្យឱ្យបានម៉ត់ចត់ ដើម្បីថែរក្សាសន្តិសុខសុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយពេលប្រឡង ពិសេសជោគជ័យក្នុងការប្រឡង សាកសមជាទំពាំងស្នងឬស្សី ជាសសរទ្រូងប្រទេសជាតិ។
យោងលើរបាយការណ៍របស់លោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ខេត្តកំពង់ស្ពឺ មានមណ្ឌលប្រឡងចំនួន១១ស្មើនឹង ២១៤ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្រ្តចំនួន ២មណ្ឌល និងវិទ្យាសាស្រ្តសង្គមចំនួន ៩មណ្ឌល មានបេក្ខជនប្រឡងសរុបចំនួន ៥,៣១៤ នាក់ ស្រីចំនួន ២,៨៩៥ នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្រ្តមានចំនួន ១,០៦៧ នាក់ ស្រី ៦៩០ នាក់ និងថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន ៤,២៤៧ នាក់ ស្រី ២,២០៥ នាក់ ។
គួរបញ្ជាក់ផងដែរថា៖ ឯកឧត្តមបណ្ឌិតមានប្រសាសន៍ថា ក្មួយៗដែលប្រឡងបាន និទ្ទេស A ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជូនកុំព្យូទ័រ ម្នាក់ៗ មួយគ្រឿង រួមនិងថវិកាមួយចំនួនទៀតផងដែរ ៕