ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺបញ្ជូនខ្លួនក្រុមយុវជនសង្ស័យចំនួន៥នាក់ទៅសាលាដំបូងខេត្តកំពង់ស្ពឺបន្ទាប់ពីធ្វើការសាកសួរនៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
លោក វរសេនីឯក ឃុត សុផល អធិកាស្រុកសំរោងទងបានឲ្យដឹងថា ក្រុមយុវជនសង្ស័យចំនួន៥នាក់ត្រូវបានស្នងការដ្ឋានខេត្តកំពង់ស្ពឺបញ្ជូនខ្លួនទៅសាលាដំបូងខេត្តពាក់ព័ន្ឋធ្វើឱ្យខូចខាតដោយចេតនា(កាប់ម៉ូតូ)។
យុវជនដែលត្រូវបានបញ្ជូនខ្លួនទៅសាលាដំបូងនោះរួមមាន៖ ១.ឈ្មោះ គង់ ចំរើន ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិត្រពាំងគង ឃុំត្រពាំងគងស្រុកសំរោងទង (កាន់ពូថៅ)
២.ឈ្មោះ ជុន រតនា ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិឈើទាលលើ ឃុំរលាំងគ្រើលសំរោងទង ៣.ឈ្មោះ ម៉ុច ម៉ាន់ទី ភេទប្រុស អាយុ១៧ឆ្នាំ (កាន់កាំបិតផ្គាក់) ៤.ឈ្មោះ អ៊ុយ គឹមឆេង ភេទប្រុស អាយុ១៩ឆ្នាំ ទាំង២នាក់នៅភូមិស្ទឹង ឃុំត្រពាំងគង ស្រុកសំរោងទង (កាន់រនាស់ដៃ)៥.ឈ្មោះ វ៉ាន់ សាន ភេទប្រុសអាយុ១៧ឆ្នាំនៅភូមិរំលេច ឃុំរលាំងគ្រើល ស្រុកសំរោងទង ដើម្បីចាត់ការតាមនិតិវិធី។
សូមរំលឹកថាកាលពីថ្ងៃទី៣១ខែតុលាឆ្នាំ២០២៤ក្រុមយុវជសង្ស័យបានធ្វើសកម្មភាពយកដំថ្មគប់នឹងកាបទៅលើឈ្មោះ បូផា សំណាង ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ ភ្នំពេញ 1FX.5656 ឌុបឈ្មោះ ចិន ភេទប្រុស អាយុ១២ឆ្នាំ នៅភូមិជាមួយគ្នា ចេញពីផ្ទះមកដើរលេងនៅបឹងវត្តត្រពាំងគង។ស្ថិតនៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង មកដល់ចំណុចផ្លូវបេតុងខាងត្បូងបឹង ស្រាប់តែអ្នកទាំង៥នាក់ខាងលើ បានធ្វើសកម្មភាពដេញវាយ និងគប់មកលើឈ្មោះ បូផា សំណាង មិនបណ្តាលអោយរងរបួស រួចក្រុមជនសង្ស័យបានកាប់ម៉ូតូជនរងគ្រោះ បណ្តាលអោយខូចខាត បែកក្បាំងម៉ូតូផ្នែកខាងស្តាំ ចង្កៀងខាងមុខ និងខាងក្រោយ។
លោកអធិការនគរបាលស្រុកសំរោងទងបានបញ្ជាក់ថា ក្រោយឃាត់ខ្លួនក្រុមក្មេងទំនើងសមត្ថកិច្ចនគរបាលបានដកហូតវត្ថុតាង ម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1J.6065 ដាវ១ ,កាំបិតផ្គាក់១, ពូថៅ១នឹង លំពែង១ផងដែរ បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕