ខេត្តកណ្តាល ៖ ក្រុមគ្រួសារក្រីក្រឈ្មោះ កើត ភូ និងប្រពន្ធឈ្មោះ អឹម អូន ដែលជាជនរងគ្រោះនៅតែទទូចស្នើសុំអភិបាលខេត្តកណ្តាល ឯកឩត្តម គួច ចំរើន ជួយអន្តរាគមន៍ដោះស្រាយករណីបុគ្គលឈ្មោះ កែវ កុសល និងឈ្មោះ សម្រស់ រំលោភបំពានយកតូបលក់ដូររបស់គាត់ ។ ការរំលោភបំពានយកតូបលក់ដូរពីសំណាក់បុគ្គលពីរនាក់ខាងលើបានធ្វើអោយជីវភាពរបស់ជនរងគ្រោះកាន់តែខ្វះខាតក្រលំបាកខ្លាំង ដោយសារការលក់ដូរនៅតាមភូមិមិនដាច់ដូចនៅក្នុងផ្សារ ។
……. ( សូមស្តាប់ការទទូចស្នើសុំ និងការនិយាយរៀបរាប់ពីទុក្ខលំបាករបស់ជនរងគ្រោះ ) ……. ។
មូលហេតុដែលមានការទទូចស្នើសុំបែបនេះ ដោយសារជនរងគ្រោះបានដាក់ពាក្យប្តឹងស្នើសុំអន្តរាគមន៍ពីអភិបាលខេត្តកណ្តាល ឯកឩត្តម គួច ចំរើន ជួយដោះស្រាយរកយុត្តិធម៌រយៈពេលពីរខែមកហើយនៅមិនទាន់ទទួលបានការដោះស្រាយនៅឡើយ ។ នេះបើយោងតាមការលើកឡើងរបស់លោក កើត ភូ និងលោកស្រី អុឹម អូន ដែលជាជនរងគ្រោះ ។
លោក កើត ភូ និងលោកស្រី អុឹម អូន បានអោយដឹងទៀតថា បន្ទាប់ពីពួកគាត់បានដាក់ពាក្យប្តឹងទៅសាលាខេត្តកណ្តាល ឯកឩត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាលបានចេញលិខិតអោយអភិបាលស្រុកកោះធំ លោក ឆែ វណ្ណឌី ដោះស្រាយរួចរាយការណ៍ជូនឯកឩត្តមអភិបាលខេត្តវិញ ។
ប៉ុន្តែលោក ឆែ វណ្ណឌី មិនបានកោះហៅគាត់ទៅដោះស្រាយតាមបណ្តឹងស្នើសុំជួយអន្តរាគមន៍ទេ បែរជាធ្វើរបាយការណ៍ភូតកុហក់អភិបាលខេត្តថាបានដោះស្រាយរួចរាល់ដោយយកកំណត់ហេតុកិច្ចសន្យាដែលបានកោះហៅគាត់ទៅផ្តិតមេដៃសន្យាឈប់លក់ដូរលើចិញ្ចើមផ្លូវពីមុនមកដាក់សំអាង ដើម្បីផ្ញើជូនអោយឯកឩត្តមអភិបាលខេត្តកណ្តាលជឿទុកចិត្ត ។
ដោយសារភាពទាល់ច្រក និងក្តីអស់សង្ឃឹម ជនរងគ្រោះក៏បានពឹងពាក់ក្រុមអ្នកសារព័ត៌មានជួយផ្សព្វផ្សាយព័ត៌មានជូនដំណឹងដល់ថ្នាក់ដឹកនាំ ជាពិសេសឯកឩត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានជ្រាបពីភាពអយុត្តិធម៌ និងការលំបាករបស់គាត់ ។ ក្រោយពីសារព័ត៌មានបានផ្សព្វផ្សាយរួចមក អភិបាលស្រុកកោះធំ លោក ឆែ វណ្ណឌី បានលិខិតបំភ្លឺជាបន្តបន្ទាប់ដែលមានខ្លឹមសារមិនត្រូវអង្គហេតុក្នុងពាក្យប្តឹងរបស់សាមីដើមបណ្តឹង និងការផ្សព្វផ្សាយរបស់ក្រុមអ្នកសារព័ត៌មាន មិនត្រឹមតែប៉ុណ្ណោះថែមទាំងគំរាមប្តឹងអ្នកសារព័ត៌មានទាំងកំរោលទៀតផង ។
ហើយការចេញលិខិតបំភ្លឺនេះ ត្រូវបានមកហាជនវាយតម្លៃថា អភិបាលស្រុកកោះធំរូបនេះ មិនយល់ពីច្បាប់របបអ្នកសារព័ត៌មាន និងមិនមានគោលជំហរច្បាស់លាស់ក្នុងការដឹកនាំបំរើប្រជាពលរដ្ឋដោយគតិយុត្តិធម៌ ។
ជាក់ស្តែងក្នុងលិខិតបំភ្លឺចុះថ្ងៃទី១៧ និងថ្ងៃទី២៥ ខែ តុលា ឆ្នាំ ២០២៤ មានចំណុចមួយចំនួនអាចធ្វើអោយមហាជន ជាពិសេសថ្នាក់ដឹកនាំមានការភាន់ច្រឡំ ។ ពីព្រោះក្នុងលិខិតបំភ្លឺនោះបានសរសេរថា ឈ្មោះ អុឹម អូន គ្មានតូបលក់ដូរទេ ។ ចំណុចនេះ ឈ្មោះ អុឹម អូន បានប្រាប់អោយដឹងថា បើនិយាយថា គ្មានតូប ក៏និយាយចឹងទៅចុះ ! ព្រោះកាលណោះគណៈកម្មការផ្សារលក់ថ្លៃពេកវាស់ម៉ែត្រលក់រាប់ពាន់ដុល្លារថ្លៃតូបនីមួយៗ គាត់មិនមានលុយទិញទេ ។ អញ្ចឹងហើយបានគាត់សុខចិត្តបង់វិភាគទាន ៣០០ ដុល្លារ យកទីតាំងលក់នៅលើការ៉ូឡាជាប់ចិញ្ចើមផ្លូវលេខ ២១ ក្រោមសំយ៉ាបដំបូលផ្សារតាមការបែងចែករបស់គណៈកម្មការផ្សារ ។ ហើយការបែងចែករបស់គណៈកម្មការផ្សារដែលបានបែងចែកអោយគាត់លក់លើការ៉ូឡាមិនមែនមានតែគាត់ម្នាក់ទេ គឺមានអាជីវករច្រើននាក់ទៀតបានលក់ដូរនៅលើការ៉ូឡាជាប់ចិញ្ចើមផ្លូវលេខ ២១ និងផ្លូវបេតុងជុំវិញក្រោមសំយ៉ាបដំបូលផ្សារ ហើយម្នាក់ៗសុទ្ធតែមានបង្កាន់ដៃបង់ប្រាក់ដូចៗគ្នា ។
ក្នុងលិខិតបំភ្លឺដដែលបានសរសេរទៀតថា ក្នុងកំណត់ហេតុនៅរដ្ឋបាលស្រុកកាលពីថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៤ លោកស្រី អុឹម អូន បានបញ្ជាក់ច្បាស់ខ្លួនឯងថា គ្មានតូបទេ គឺលក់នៅលើសំយ៉ាបជាប់ផ្លូវជាតិលេខ ២១ មុខផ្សារកោះធំ ។ ឈ្មោះ អុឹម អូន បានបញ្ជាក់ទៅវិញថា គាត់មិនបានលក់នៅលើសំយ៉ាបទេ សំយ៉ាបគឺដំបូលផ្សារគាត់លក់នៅលើដំបូលផ្សារមិនកើតទេ គឺលក់នៅលើការ៉ូឡាជាប់ចិញ្ចើមផ្លូវលេខ ២១ ដូចអាជីវករផ្សេងទៀតដែរ ។
នៅក្នុងកំណត់ហេតុរបស់រដ្ឋបាលស្រុកកោះធំដែលសរសេរថា ឆ្នាំពីរពាន់ម្ភៃបួន ខែសីហា ថ្ងៃទីម្ភៃប្រាំបី បានស្រង់ចម្លើយរបស់លោកស្រី អុឹម អូន បញ្ជាក់ថា គាត់បានលក់នៅលើការ៉ូឡាក្រោមសំយ៉ាបដំបូលផ្សារជាយូរមកហើយ ។ លោកស្រី អុឹម អូន បញ្ជាក់ទៀតថា នៅក្នុងកំណត់ហេតុ គាត់បានឆ្លើយអញ្ចឹងមែន គឺកាលណោះខាងស្រុកបានហៅគាត់ទៅដោះស្រាយរឿងគាត់លក់នៅលើចិញ្ចើមផ្លូវ២១លើផ្លូវកៅស៊ូ ពីព្រោះទីតាំងកន្លែងគាត់លក់លើការ៉ូឡាត្រូវបានឈ្មោះ កែវ កុសល និងឈ្មោះ សម្រស់បំពានយកហើយ ។
ដោយសារតែអត់មានកន្លែងលក់ ដេញគេមិនចេញ គាត់ក៏បង្ខំចិត្តលក់លើផ្លូវកៅស៊ូចិញ្ចើមផ្លូវជាប់ខាងមុខអ្នកបំពានតូបគាត់ ទើបស្រុកបានហៅគាត់ទៅដោះស្រាយរឿងលក់លើផ្លូវ ប៉ុន្តែមិនបានដោះស្រាយរឿងគេបំពានដណ្តើមយកតូបគាត់តាមពាក្យបណ្តឹងរបស់គាត់ទេ។ ថែមទាំងដេញឈប់អោយគាត់លក់នៅលើចិញ្ចើមផ្លូវខាងមុខតូបរបស់គាត់ ក្រោមលេសរៀបចំសណ្តាប់ធ្នាប់ ។ ការរៀបចំសណ្តាប់ធ្នាប់របស់អាជ្ញាធរ គឺពិតជាត្រឹមត្រូវ ពួកគាត់គាំទ្រ ហើយក៏បានផ្តិតមេដៃលើកិច្ចសន្យាឈប់លក់ដូរលើចិញ្ចើមផ្លូវជាតិលេខ ២១ ទៀតផង ។
ប៉ុន្តែអ្វីដែលពួកគាត់ហួសចិត្តនោះ គឺលោកអភិបាលស្រុកមិនបានកោះហៅគាត់ទៅដោះស្រាយតាមពាក្យបណ្តឹងរឿងគេរំលោភបំពានយកតូបលក់ដូររបស់គាត់ទេ បែរជាធ្វើរបាយការណ៍ដាក់ជូនឯកឩត្តមអភិបាលខេត្តកណ្តាលដោយអមជាមួយស្នាមមេដៃរបស់គាត់ដែលបានផ្តិតលើកិច្ចសន្យាឈប់លក់ដូរលើចិញ្ចើមផ្លូវទៅវិញ ។
នេះជាសក្ខីភាពដែលលោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំកាន់តែមានចេតនាបង្វែរសាច់រឿងអោយឯកឩត្តម គួច ចំរើន អភិបាលខេត្តកណ្តាលកាន់តែមានការភាន់ច្រឡំលើជនរងគ្រោះថែមទៀត។
សូមជម្រាបថា ដោយសារតែមានការឈឺចាប់ជំនួសជនរងគ្រោះ ក្រុមអាជីវករនៅតែទទូចស្នើសុំឯកឩត្តម គួច ចំរើន អភិបាលខេត្តកណ្តាល មេត្តាជួយអន្តរាគមន៍ដោះស្រាយរកយុត្តិធម៌អោយជនរងគ្រោះផងទាន៕