ខេត្តកំពង់ឆ្នាំង៖ ក្រោយពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃកម្ពុជា កាលពីកន្លងទៅបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងមានប្រសាសន៍សង្កត់ធ្ងន់ជុំវិញអភិបាលខេត្តដែលនៅជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និង បង្រ្កាបជាប់ជាប្រចាំ ដូចភ្លៀងរលឹម ទៅលើក្រុមមេឈ្មួញគ្រាក់ៗ ស្របគ្នានោះឯកឧត្ដម ស៊ុនសុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានប្ដេជ្ញាថា ឯកឧត្តមនឹងយកចិត្តទុកដាក់បង្ក្រាបរាល់បញ្ហាបទល្មើសនេសាទ ដែលកំពុងកើតមាននៅក្នុងបឹងទន្លេសាទក្នុងភូមិសាស្រ្តទឹកដីខេត្តកំពង់ឆ្នាំង ហើយលោកក៏មិនអោយបទល្មើសទាំងនោះមកក្បែឬពាក់ព័ន្ធនឹងរូបលោកផងដែរ ទោះជាក្នុងកាលៈទេសៈណាក៏ដោយ ។
បើយោងតាមសេចក្ដីរាយការណ៍មកថា មានឈ្មួញល្បីខ្លាំងឈ្មោះ ស៊ុន ធារិទ្ធ (ហៅ) ប៉ោង បានដាក់កម្លាំងកម្មករ ប្រមូលទិញលៀសល្អិតល្អិតពីប្រជាពលរដ្ឋ នេសាទខុសច្បាប់ លើកដាក់លើរថយន្ត ដឹកចេញរាប់សិបតោន ក្នុងមួយថ្ងៃៗ សង្ស័យអត់មានលិខិតអនុញ្ញាតិ ខណ:កំពុងល្បីល្បាញជាឈ្មួញជើងខ្លាំងប្រចាំខេត្តកំពង់ឆ្នាំង តេីលោក លី ឡា នាយខណ្ឌជលផលខេត្តទៅណា? ហេីយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តម៉េចបានប្រឹងធ្វេីមិនដឹង ឬដឹងដែរប៉ុន្តែសម្ងំចាំតែទទួលផលមិនធ្វើការបងក្រាបសោះ? ។
ជាក់ស្ដែងនៅរសៀលថ្ងៃទី២៣ និងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមអ្នកសារព័ត៌មានបានចុះទៅផ្តិតយករូបភាពនូវសកម្មភាពដឹកជញ្ជូនលៀស តាមកាណូតធំៗប្រើប្រាស់ដោយកម្លាំងម៉ាសុីនធំៗជាច្រើនគ្រឿង ដែលមានច្រកលៀសច្រើនការ៉ុង កំពុងលើកឡើងលើគោកនៅមាត់ទឹកក្រោយផ្សារសមុទ្រទឹកសាបស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុក បរិបូណ៍ ដើម្បីដឹកជញ្ជូនតាមរថយន្តយកទៅស្រុកក្រគរ នៃខេត្តពោធិ៍សាត់បន្តយកទៅលក់នៅឯប្រទេសវៀតណាម។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ក្រោយពីបណ្ដាញសារព័ត៌មានជាច្រើនបានចេញផ្សាយ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឃើញមានមន្ត្រីជំនាញចុះមកបង្ក្រាបនិងពិនិត្យជាក់ស្ដែង នៅលៀសដែលក្រុមកម្មករច្រកដាក់ការ៉ុងរួចហើយនោះ តើត្រូវច្បាប់ជលផលអនុញ្ញាតដែរឬទេ.? ក្រោយពីជំនាញចុះទៅបង្ក្រាបនិងពិនិត្យជាក់ស្ដែង ប៉ុន្តែសកម្មភាពដឹកជញ្ជូននៅតែបន្តកើតមានដដែល ហើយមន្ត្រីជំនាញ មិនធ្វើការទប់ស្កាត់ និងចាត់វិធានការបង្ក្រាបនោះឡើយ តើមានអ្វីនៅពីក្រោយក្នុងមុខជំនួញលៀសនេះ។
ករណីនេះបានធ្វើឲ្យមជ្ឈដ្ឋានមហាជន មានការងឿងឆ្ងល់ និងរិះគន់ផងដែរ ចំពោះសកម្មភាពនេសាទលៀស និងការដឹកជញ្ជូនលៀសចម្រុះក្នុងរូបភាពទ្រង់ទ្រាយធំបែបនេះ ដែលសកម្មភាពនេះគេសង្កេតឃើញ កើតមានតាំងពីរដូវបិទនេសាទរហូតដល់រដូវបើក និងមិនមានការបង្ក្រាបទាល់តែសោះ។ ចំពោះការនេសាទលៀស គឺគេបានប្រើនូវឧបករណ៍កាវលៀសវែងៗដែលអាចកាវចូលដល់ជម្រៅបាតទន្លេជ្រៅធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីនិងជីវចម្រុះយ៉ាងធ្ងន់ធ្ងរបំផុត។
ចំណែកម៉ាស៊ីនដែលគេប្រើបំពាក់ឧបករណ៍អូស និងកាវលៀសវិញទូកខ្លះ គឺចាប់ ពី៤ទៅដល់៦ម៉ាស៊ីន ដែលធ្វើឱ្យខុសច្បាប់ស្ដីពីជលផលដែលបានអនុញ្ញាតឲ្យរកបានតែដោយដៃតែប៉ុណ្ណោះ។
បើយោងតាមអ្នកកាវលៀសខុសច្បាប់ទាំងនោះបាននិយាយប្រាប់អ្នកសារព័ត៌មានថា លៀសទាំងនេះពួកគេបានកាវកើបយក ពីក្នុងភូមិសាស្ត្រទឹកដីខេត្តកំពង់ធំហើយបាននាំគ្នាដឹក យកមកលក់ឱ្យមេឈ្មួញជើងខ្លាំងឈ្មោះ ស៊ុន ធារិទ្ធ(ហៅ)ប៉ោង នៅមាត់ទឹកក្រោយផ្សារសមុទ្រទឹកសាបស្ថិតក្នុងឃុំឆ្នុកទ្រូ។
ករណីនេះតើឯកឧត្ដម ស៊ុនសុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ហ៊ានបញ្ចេញកណ្ដាប់ដៃដែក កំចាត់ទៅលើក្រុមមន្រ្តីខិលខូចក្រោមឱវាទទេ ប្រសិនបើរកឃើញថាមន្រ្តីនោះមានការពាក់ព័ន្ធនឹងឃុបឃិតជាមួយមេឈ្មួញឈ្មោះ ស៊ុន ធារិទ្ធ (ហៅ) ប៉ោង ដែលកំពុងប្រព្រឹត្តបទល្មើសដែរឬយ៉ាងណា? ។
ជុំវិញការលើកឡើងខាងលើនេះ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ត្រីរដ្ឋបាលជលផលបរិបូណ៌ម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រាប់ថាករណីការដឹកជញ្ជូនលៀសចម្រុះ និងការនេសាទលៀសដោយប្រើកម្លាំងម៉ាស៊ីនបច្ចុប្បន្ននេះលោកទទួលស្គាល់ថា គឺពិតជាកើតមានប្រាកដមែន។
ដោយឡែកនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង គឺគ្រាន់ តែជាទីកន្លែងសម្រាប់ក្រុមឈ្មួញដឹកលៀសយកមកឡើងរថយន្តតែប៉ុណ្ណោះ។ រីឯប្រភពដើមនៃការនេសាទលៀសវិញ គឺក្រុមឈ្មួញគេបានធ្វើសកម្មភាពនៅក្នុងទឹកដីនៃខេត្តផ្សេង គឺខេត្តកំពង់ធំ ។
មន្ត្រីដដែលបានប្រាប់បន្តទៀតថាថា ករណីការនេសាទលៀស ខ្យង ខ្ចៅ គ្រុំ នៅបាតទន្លេគឺច្បាប់ស្ដីពីជលផលហាមដាច់ខាត ការនេសាទប្រើដោយកម្លាំងម៉ាស៊ីនធំៗដូចខាងលើនេះ ព្រោះវាបានធ្វើឲ្យមានផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរណាស់ ដល់ប្រព័ន្ធអេកូឡូស៉ី និងប្រព័ន្ធជីវៈចម្រុះនៅបាតទន្លេ ព្រោះថា៖ លៀស ខ្យង ខ្ចៅ និងគ្រុំ នៅបាតទន្លេយូរៗទៅវានិងរលួយស្អុយពេញបាតទន្លេ។
មិនតែប៉ុណ្ណោះផ្ទៃបាតភក់នៃទន្លេសាប ក៏ជាកន្លែងយ៉ាងសំខាន់សម្រាប់ពពួកត្រីទាំងអស់ខាងលើនេះ ពងកូននៅក្នុងដីល្បាប់នៃបាតទន្លេទាំងនោះផងដែរ។ហេតុនេះហើយទើបគេមានច្បាប់ហាមឃាត់ការនេសាទប្រើដោយកម្លាំងម៉ាស៊ីន ដែលមានចែងនៅក្នុងច្បាប់ស្ដីពីជលផល។
ដូច្នេះបើសមត្ថកិច្ចយើងមិនអាចទប់ស្កាត់ចំពោះការនេសាទលៀស ប្រើកម្លាំងម៉ាស៊ីនដូចសព្វថ្ងៃនេះ តាមច្បាប់ស្ដីពីជលផលបាននោះទេ ពូជត្រីនឹងត្រូវវិនាសបាត់បង់ពីផ្ទៃបឹងទន្លេសាបថ្ងៃណាមួយជាក់ជាមិនខាននោះឡើយ។
ជុំវិញនូវការចុះផ្សាយខាងលើអង្គភាពព័ត៌មានយើងខ្ញុំរងចាំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធរាល់ម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន។សូមអរគុណ៕ អត្ថបទដោយអ្នកជំងឺ..ស.៦.