កំពង់ស្ពឺ÷ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីបំភ្លឺព័ត៌មានជូនជាដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបាន ជ្រាបថា នៅថ្ងៃពុធទី០៤ ខែធ្នូ ឆ្នាំ២០២៤ នេះ មានអង្គភាពសារព័ត៌មាន និងអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក បានបង្ហោះនូវព័ត៌មានដែលមានខ្លឹមសារថា «ពលរដ្ឋជាអ្នកព្រោះស្រូវបានផល ជំទាវម្នាក់នៅភ្នំពេញ ជាអ្នក ច្រូតយកស្រូវរាប់តោនទៅវិញគ្មានដំណោះស្រាយ» ដែលធ្វើឲ្យមានការយល់ច្រឡំ ។
ករណីខាងលើនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ សូមធ្វើការបំភ្លឺដូចតទៅ៖ កាលពីរសៀលថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ នៅសាលាស្រុកឱរ៉ាល់ មានកិច្ចប្រជុំសម្រុះសម្រួលដោះស្រាយករណីសំណើសុំអន្តរាគមន៍ របស់ឈ្មោះ សៅ ងិន, និង ឈ្មោះ ជា ណក់ តំណាងឱ្យប្រជាពលរដ្ឋ ៣ភូមិ គឺ ភូមិក្រវៀក, ក្បាលដំរី,ភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ជាលទ្ធផលមានដូចខាងក្រោម៖
១- ត្រូវធ្វើបច្ចុប្បន្នភាព នូវរាល់ឯកសារកាន់កាប់ដីទាំងប្លង់រឹង និងដីមានលិខិតបញ្ជាក់ ភូមិ ឃុំ តាមការអះអាង របស់ឈ្មោះ ជា ណក់ លើទំហំដី ២០ហិកតា ឱ្យបានត្រឹមត្រូវ ច្បាស់លាស់ យ៉ាងយូរនៅមុនថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២៤។
២- ត្រូវចាត់តាំងក្រុមការងារចុះទៅវាស់ឃ្មុំដី ៦ហិកតា ជូនទៅឈ្មោះ សៅ ងិន តំណាងប្រជាពលរដ្ឋចំនួន ០៧ គ្រួសារ និងអនុញ្ញាតិឱ្យច្រូតយកផលស្រូវទាំងអស់។ ចុះវាស់ឃ្មុំដីទំហំ ២០ហិកតា តាមសំណើរបស់ឈ្មោះ ជា ណក់ គឺច្រូតស្រូវនៅនឹងកន្លែង លក់ស្រូវទូទាត់ថ្លៃម៉ាស៊ីនច្រូត ចំពោះលុយនៅសល់ចែកជា ២ចំណែក ៥០% ស្មើៗគ្នារវាង ឈ្មោះ ជា ណក់ និង នាង ហ៊ាប។
៣-ត្រូវពង្រឹង និងផ្តល់តម្លៃការងារគ្រប់គ្រង ជូនទៅថ្នាក់ដឹកនាំភូមិ ឃុំ ។ មានន័យថារាល់គ្រប់ សំណើ សំណូម ពរ ក្តីកង្វល់របស់ប្រជាពលរដ្ឋ ទោះជាតាមទូរស័ព្ទ ឬផ្ទាល់មាត់ ឬមានលិខិតផ្លូវការ ត្រូវតែពន្លឿនការដោះស្រាយតាម យន្តការនៃអាជ្ញាធរមូលដ្ឋាន មិនគួរឱ្យបុគ្គល ជា ណក់ ឬ បុគ្គលផ្សេងណាមួយ ធ្វើសកម្មភាពបែបនេះតទៅទៀតឡើយ។
៤-គូភាគីវិវាទឈ្មោះ លោក ជា ណក់, និងឈ្មោះ នាង ហ៊ាប ព្រមទទួលយកលទ្ធផលផ្សះផ្សាខាងលើ។ តាមរយៈដំណោះស្រាយខាងលើ ស្នើឱ្យគ្រប់បណ្តាញសង្គមធ្វើការកែតម្រូវឡើងវិញ ព្រោះករណីនេះរដ្ឋបាលខេត្ត និងរដ្ឋបាលស្រុកឱរ៉ាល់ បានដោះស្រាយចប់សព្វគ្រប់ហើយ សូមជ្រាបជាព័ត៌មាន៕