ស្រុកសំរោងទង÷ សមត្ថកិច្ចនគរបាលស្រុកសំរោងទង បានឃាត់ខ្លួនមុខសញ្ញាក្រុមចោលឆក់ទូរសព្ទដៃបានចំនួន ០២នាក់ ដែលធ្វើសកម្មភាពនៅតាមបណ្ដោយផ្លូវជាតិលេខ៥១ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ។
លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឲ្យដឹងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០៧:៥១នាទី ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានចោរឆក់ទូរស័ព្ទដៃនៅលេីផ្លូវជាតិលេខ៥១ សមត្ថកិច្ចបានគោរពរាយការណ៍និងទទួលបានបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកបានដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក ចុះប្រតិបត្ដិការស្រាវជ្រាវផ្ទាល់និងឈានទៅកំណត់មុខសញ្ញាបានម្នាក់ដែលជាជនសង្ស័យប្រព្រឹត្ដក្នុងសកម្មភាពឆក់ទូរស័ព្ទដៃ របស់ជនរងគ្រោះភេទស្រី ទាំងពីរនាក់ ។
លោក ឃុត សុផល អធិការនគរបាលស្រុកបានឱ្យដឹងទៀតថា÷ទូរស័ព្ទដៃ ម៉ាក IPhone 11 Pro max ពណ៍ប្រផេះ របស់ជនរងគ្រោះដែលត្រូវបានជនសង្ស័យឈ្មោះ អ៊ុំ ចំរ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងគង ឃុំត្រពំាងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ធ្វេីសកម្មភាពឆក់នោះត្រូវបានរកឃេីញភ្លាមៗនៅជាមួយជនសង្ស័យ។ សមត្ថកិច្ចបន្ដការសាកសួររហូតឈានទៅកំណត់បានមុខសញ្ញាដែលធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃរបស់ ជនរងគ្រោះម្នាក់ទៀត ម៉ាក IPhone 11Pro max ពណ៍ទឹកសមុទ្រ កាលពីពេលថ្មីៗនេះនៅចំណុចដូចគ្នា ម្ដុំផ្លូវជាតិលេខ៥១។
លោក ឃុត សុផល បានបន្ថែមទៀតថាក្រោយពីសាកសួររួចកម្លាំងសមត្ថកិច្ចបន្ដទៅឃាត់ខ្លួនបក្ខពួកបានម្នាក់ទៀតឈ្មោះ ប៉ូច វិច្ឆកា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាក ក្រោយធ្វេីសកម្មភាពឆក់ទូរស័ព្ទរួច បានយកទៅលក់នៅរាជធានី ភ្នំពេញ។
លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង ថាសមត្ថកិច្ចដកហូតវត្ថុតាងបាន ម៉ូតូ ១គ្រឿង ម៉ាកហុងដា ពណ៍ទឹកមាស គ្មានផ្លាកលេខ និងទូរស័ព្ទដៃ១គ្រឿង ម៉ាក IPhone 11Pro max ពណ៍ប្រផេះ រីឯទូរស័ព្ទដៃ១គ្រឿងទៀត ម៉ាក IPhone 11Pro max ពណ៍ទឹកសមុទ្រ លក់បាត់ ។
បច្ចុប្បន្នក្រុមជនសង្ស័យទាំងពីរ រួមជាមួយវត្ថុតាង ត្រូវ បានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺដើម្បីចំណាត់ការនីតិវិធីបន្ដ៕