ភ្នំពេញៈ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានបញ្ជាឲ្យស្នងការនគរបាលខេត្តកំពង់ស្ពឺ បញ្ជូនខ្លួនលោក កង ភារី អធិការរងនគរបាលស្រុកសំរោងទង ទៅតុលាការនៅថ្ងៃទី២២ ខែសីហា ស្អែកនេះ ដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីផឹកស្រាស្រវឹងបាញ់បោះសេរី។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន មានប្រសាសន៍ប្រាប់វិទ្យុបាយ័នកាលពីល្ងាចថ្ងៃទី២១ ខែសីហា នេះថា លោក កង ភារី អធិការរងនគរបាលស្រុកសំរោងទង គឺរំលោភបទបញ្ជា ពោលថ្ងៃឈប់សម្រាកជំនួសចូលឆ្នាំខ្មែរ បទបញ្ជានគរបាលត្រូវប្រចាំការការពារជូនប្រជាពលរដ្ឋ បែរជាទៅផឹកស្រាស្រវឹង និងបាញ់បោះសេរីខុសច្បាប់។ ហើយលោកបានបញ្ជាទៅស្នងការនគរបាលខេត្តកំពង់ស្ពឺបញ្ជូនខ្លួនអធិការរងនគរបាលស្រុកសំរោងទងទៅតុលាការនៅថ្ងៃទី២២ ខែសីហា ស្អែកនេះ ដើម្បីចាត់ការតាមផ្លូវច្បាប់។
យោងតាមរបាយការណ៍របស់អធិការនគរបាលស្រុកសំរោងទង បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ លោក កង ភារី អធិការរងទទួលការងារសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង បានធ្វើសកម្មភាពបាញ់បោះសេរីចំនួន ៣គ្រាប់ នៅចំណុចបរិវេនសាលាស្រុកសំរោងទង និងនៅថ្ងៃទី១៩ ខែសីហា បាននាំកូនចៅឈរបាញ់ដោយសេរីជាច្រើនគ្រាប់ផងដែរ។