ភ្នំពេញ ៖ កូនប្រុសអកតញ្ញូបែកថ្នាំ ស្រវឹងខួប លើកកាំបិតមុតស្រួច កាត់ក្បាលម្ដាយបង្កើតរបស់ខ្លួនដាច់ចេញពីខ្លួន ស្លាប់យ៉ាងអាណោចអាធ័ម និងគួរឲ្យញញើត ពេលនេះត្រូវនគរបាលឃាត់ខ្លួនបានហើយ នៅចំណុចក្បែរមន្ទីរពេទ្យ IU ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោយកើតហេតុបានប៉ុន្មានម៉ោង។
ឃាតករដ៏សាហាវព្រៃផ្សៃនេះមានឈ្មោះ អ៊ាម សំណាង ភេទប្រុសអាយុ ៣៣ឆ្នាំ មានស្រុកំណើតនៅភូមិកោះប៉ែន ឃុំកោះមិត្ដ ស្រុកកំពុងសៀម ខេត្ដកំពង់ចាម ។
សូមជម្រាបថាអំពើឃាតកម្មដ៏សាហាវនេះ ត្រូវបានគេប្រទះឃើញតាំងពីព្រឹកព្រលឹម នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ក្នុងបុរីសឡា៣ ស្ថិតនៅខាងកើត មន្ទីរពេទ្យឯកជន យីហោ មូលមិត្ត ភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
នៅកន្លែងកើតហេតុគេសង្កេតឃើញមនុស្សជាច្រើនកុះករ បានទៅចោមរោមមើលស្ថានការណ៍ ហើយម្នាក់ៗក៏មានសភាពញ័ររន្ធត់នឹងអ្វីដែលគេបានឃើញនឹងភ្នែក គឺស្ត្រីម្នាក់ដេកស្លាប់ មានរូបរាងដងខ្លួនត្រឹមស្មា ឯក្បាលរបស់គាត់បានដាច់ចេញពីស្មាក្នុងថ្លុកឈាម ដ៏គួរឲ្យអាណោចអធ័ម តក់ស្លត់ចិត្តអាណិតដល់ជនរងគ្រោះ ។
សាក្សីនៅកន្លែងកើតហេតុ បាននិយាយប្រាប់ឲ្យដឹងថា ពីរនាក់ម្ដាយកូននេះតែងកើតមានជម្លោះគ្នាជាញឹកញាប់ ហើយអ្នកភូមិក៏ដឹងដែរថា យុវជនដៃដល់សម្លាប់ម្ដាយនេះ ក៏ជាអ្នកញៀនថ្នាំ ផឹកស្រា ហើយតែងបែកថ្នាំជាញឹកញាប់ បង្កការភ័យខ្លាចដល់អ្នកជិតខាង និងម្ដាយរបស់ខ្លួន ។
មុនកើតហេតុមួយថ្ងៃ ស្ត្រីជាម្ដាយបាននិយាយ ប្រាប់អ្នកស្គាល់គ្នា ឬអ្នកជិតខាងថា មីងលែងបាននៅផ្ទះនេះទៀតហើយចាប់ពីថ្ងៃនេះតទៅ មីងគ្រោងនឹងរើចេញទៅកន្លែងផ្សេងដោយសារតែកូនប្រុសធ្វើទុកបុកម្នេញខ្លាំងពេក លុះនៅព្រឹកព្រលឹម ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ ក៏ស្រាប់តែគេផ្អើលឈូឆរ ប្រទះឃើញស្ត្រីនេះដេកស្លាប់ក្នុងផ្ទះជួលដោយដាច់ក្បាលចេញពីស្មានៅក្នុងថ្លុកឈាម ៕