កំពង់ស្ពឺ: ក្រុមគ្រួសារជនរងគ្រោះដែលស្លាប់និងរបួសធ្ងន់ដោយសាររថយន្តបុកត្រូវបានលោកអធិការនគរបាលស្រុកសំរោងទងដោះលែងទាំងជនរងគ្រោះមិនទាន់ទទួលសំណងបាននាំគ្នាដាក់ពាក្យប្តឹងទៅតុលាការ។
តាមសម្តីស្ត្រីឈ្មោះព្រហ្មភក្រចិន្តា អាយុ៣៨ឆ្នាំត្រូវជាម្តាយជនរងគ្រោះបានប្រាប់ក្រុមអ្នកយកព័ត៏មានដឹងកាលពីព្រឹកថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២០នេះថា កូនស្រីរបស់គាត់មានឈ្មោះ ឈឿន ស័ក្កណា ភេទស្រីអាយុ១៦ឆ្នាំ រស់នៅក្នុងភូមិអំពិលទឹកឃុំសំបូរស្រុកសំរោងទង។ត្រូវបានរថយន្តម៉ាកស្តារិចពណ៌ខ្មៅពាក់ស្លាកលេខកំពង់ឆ្នាំង2A1434អ្នកបើកបរមានឈ្មោះឈឿង សាមីត ភេទប្រុសអាយុ២១ឆ្នាំរស់នៅភូមិស្រះកែវ ឃុំវាំងចាស់ស្រុកឧដុង្គ។
អ្នករួមដំណើរមានឈ្មោះស៊ូគ័រប៊ីន(SHUGUOBIN)ដែលបានបុកម៉ូតូម៉ាកស៊ុយស៊ូគីនិចពណ៌សពាក់ស្លាកលេខភ្នំពេញ1HD0079 បើកបរដោយកូនស្រីរបស់គាត់ឈ្មោះឈឿនស័ក្កណាដែលត្រឡប់មកពីសាលារៀនវិញតាមបណ្តោយផ្លូវជាតិលេខ៥១ក្នុងទិសដៅស្របគ្នា។ ស្ត្រីជាម្តាយបានបន្តថា ការដែលរថយន្តបុកនោះបណ្តាលកូនស្រីគាត់ប៉ើងធ្លាក់ពីម៉ូតូបោកក្បាលរងរបួសធ្ងន់ហើយរថយន្តបង្កមិនបង្អង់ល្បឿននោះទេបានទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាក់ស៊ុយស៊ូគីស្មាកវីពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CL2746បើកបរដោយឈ្មោះរឿនសុវណ្ណារីភេទប្រុសអាយុ២៨ឆ្នាំរស់នៅភូមិសុខាភិរម្យឃុំលំហាចស្រុកអង្គស្នួលខេត្តកណ្តាល។ ដែលបណ្តាលឱ្យរងរបួសធ្ងន់ត្រូវក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្នំពេញ។ចំណែកកូនស្រីរបស់គាត់មានសភាពធ្ងន់ធ្ងរពេកគាត់បានដឹកបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសវៀតណាមតែអកុសលកូនស្រីគាត់ត្រូវបានស្លាប់តាំងពីថ្ងៃទី១៤ខែឧសភាឆ្នាំ២០១៩។
គួររំលឹកថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃទី៨ខែខែឧសភាឆ្នាំ២០១៩ក្រោយកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍ត្រពាំងគង ឃាត់ខ្លួនអ្នកបើកបររថយន្តបង្កបានភ្លាមៗនៅនឹងកន្លែងកើតហេតុរំលងបានមួយយប់នៅព្រឹកថ្ងៃទី៩ខែឧសភាឆ្នាំ២០១៩ក៏ស្រាប់តែអ្នកបើកបររថយន្តបង្កឈ្មោះឈឿងសាមីតត្រូវបានលោកឃុតសុផលអធិការនគបាលស្រុកសំរោងទងដោះលែងឱ្យមានសេរីភាពទាំងពួកគាត់ជាសាច់ញាតិជនរងគ្រោះមិនទាន់បានទទួលសំណងផង។ ទើបគាត់សំណូមពរទៅលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿនជាពិសេសអង្កភាពប្រឆាំងអំពើពុករលួយមេត្តា ជួយមើលទង្វើលោកឃុតសុផលអធិការនគរបាលស្រុកសំរោងទងនេះផង។មិនដឹងថាលោកឃុតសុផលទទួលសំណូកប៉ុន្មានជាថ្នូរនោះទេក្នុងការដោះលែងជនសង្ស័យបើករថយន្តបង្ក។ ទោះបីជាមានដីកាសម្រេចចេញពីតុលាការក៏ដោយតែលោកឃុតសុផលហាក់ធ្វើមិនដឹងមិនឪឮទាល់តែសោះ។
ក្នុងការលើកឡើងនិងសំណូមពរពីក្រុមគ្រួសារជនរងគ្រោះ បានទូរស័ព្ទទៅលោក ឃុតសុផលអធិការនគរបាលស្រុកសំរោងទងសុំការបកស្រាយជុំវិញការចោទប្រកាន់រឿងដោះលែងអ្នកបើកបររថយន្តបង្កបុករហូតដល់មានស្លាប់និងរងរបួសធ្ងន់។ លោកបានប្រាប់តាមទូរស័ព្ទថាបន្ទាប់សាច់ញាតិជនរងគ្រោះបានដាក់ពាក្យបណ្តឹងរួចមកលោកក៏បានទៅបំភ្លឺនៅសាលាដំបូងខេត្តកំពង់ស្ពឺរួចហើយ។ ដោយចៅក្រមស៊ើបសួរលោកពេជ្រចិន្តាបានចេញដីកាបង្គាប់ឱ្យនាំខ្លួនឈ្មោះឈឿងសាមីត។ ទើបលោកបានបន្តស្រាវជ្រាវទៅដល់ស្រុកកំរៀងខេត្តបាត់ដំបងដែលជាស្រុកកំណើតរបស់ជនបង្កកាលពីថ្ងៃទី២៦ខែតុលាឆ្នាំ២០១៩រហូតមកដល់បច្ចុប្បន្ន។
រឿងរ៉ាវដ៍ចម្រូងចម្រាសនេះត្រូវបានតុលាការកាត់កំបាំងមុខដោយចៅក្រមជំនុំជម្រះងួនវុទ្ធី,លោកវ៉ិតមឃៈជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត,លោកលៀងតុលា ក្រឡាបញ្ជីសវនាការ បានជំនុំជម្រះបង្គាប់ឱ្យចាប់ខ្លួនជនបង្កឈ្មោះឈឿងសាមីតភ្លាមៗ និងអ្នកទទួលខុសត្រូវរដ្ឋប្បវេណី។ឈ្មោះស៊ូគ័រប៊ីនរួមគ្នាសងសំណងដល់ដើមបណ្តឹង។ឈ្មោះព្រហ្មភក្រចិន្តាត្រូវជាម្តាយជនរងគ្រោះឈឿនសក្កណា ចំនួន៨០លានរៀលនិងឈ្មោះសួសសារឿនចំនួន២០លានរៀល និងច្រានចោលការទាមទារលើសពីនេះរបស់ដើមបណ្តឹង៕