(ភ្នំពេញ): យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា÷ ជនសង្ស័យជាជនជាតិចិនម្នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីឃាតកម្ម សម្លាប់ថៅកែជនជាតិចិនយកសពច្រកក្នុងថង់ផ្លាស្ទិចពណ៌ខ្មៅ ដាក់ក្នុងវ៉ាលីយកទៅទម្លាក់ចោលនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ប្រតិបត្តិការនេះដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខេត្ដកំពង់ស្ពឺ និងមានការសម្រួលនីតិវិធី ដោយព្រះរាជអាជ្ញា រាជធានីភ្នំពេញ លោកជំទាវ ព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់នៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សូមរំលឹកថា÷ សាកសពបុរសម្នាក់ត្រូវបានគេច្រកក្នុងថង់ផ្លាស្ទិចពណ៌ខ្មៅដាក់ក្នុងវ៉ាលីយកទៅទម្លាក់ចោលនៅចំណុចមាត់ជ្រោះរោងរាងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ(១០៤-១០៥) ស្ថិតក្នុងភូមិ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៤:២០នាទី។ ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណ អាយុប្រហែល៤០ឆ្នាំ សំបុរស សង្ស័យជាជនជាតិចិនកាត់សក់ខ្លី ពាក់អាវយឺតសដៃវែង ស្លៀកខោពណ៌ប្រផេះជើងវែង។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋម្នាក់ដែលបើកម៉ូតូមកដល់ចំណុចកើតហេតុ គាត់បានឃើញរថយន្តម៉ាក HILANDER ពណ៌ស មិនចាំស្លាកលេខ ចតបែរមុខទៅទិសខាងលិច បើកគូថឃ្លុបខាងក្រោយ ដោយមានមនុស្សប្រុស ម្នាក់សង្ស័យ ជាជនជាតិចិនបានទាញវ៉ាលីធំ ពីលើរថយន្តទម្លាក់ចុះទៅមាត់ជ្រោះរោងរាង (គាត់ឈប់ម៉ូតូមើលពីម្ខាងថ្នល់) រួចបានរួចបានបើករយន្តទៅទិសខាងលិចបាត់ស្រមោល ។ ដោយមានការសង្ស័យ គាត់បានចុះទៅមើលវ៉ាលីនោះ ក៏បានប្រទះឃើញថង់ផ្លាស្ទិចពណ៌ខ្មៅ ក៏ឃើញមានជើងមនុស្ស គាត់ក៏រត់ទៅប្រាប់ អ្នកភូមិនៅក្បែរនោះ ហើយរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានភ្លាម។
បន្ទាប់ពីសមត្ថកិច្ចជំនាញពិនិត្យ និងធ្វើកោសល្យវិច័យរួច ឃើញថា សាកសពមានស្លាកស្នាមលើក្បាលពីក្រោយបែកជាច្រើនកន្លែង និងស្នាមរយះក្រោមចង្កាសងខាង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលជំនាញធ្វើការសួនាំ នៅក្រសួងមហាផ្ទៃ និងចាត់ការបន្តតាមនីតិវិធី៕