ខេត្តកំពង់ចាម÷កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃតាមចាប់ខ្លួនបងប្រុសដែលវាយសម្លាប់ប្អូនបង្កើត បានហើយ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ នេះនៅចំណុចភូមិគគរ ឃុំគគរ ស្រុកកងមាស ខេត្តកំពង់ចាម តាមដីកាបញ្ជាអោយចាប់ខ្លួនរបស់លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ។
បទល្មើសវាយសម្លាប់ប្អូនប្រុសបង្កើតខ្លួនឯងនេះ គឺបានកើតឡើងកាលពីថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២០នៅចំណុចបន្ទាយអាមេរិក ភូមិថ្គង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។
ប្រតិបត្តិការបង្ក្រាបដោយជោគជ័យនេះ ក្រោមការបញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ , លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងទទួលផែននិងចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ អោយកម្លាំងជំនាញបើកការស្រាវជ្រាវបន្ទាន់ក្រោយកើតហេតុ ដោយបានបទបញ្ជាពីថ្នាក់ដឹកនាំបែបនេះ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងសហការគ្នា រហូតដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១១ព្រឹក ធ្វើការឃាត់ខ្លួនជនដៃដល់ បានតែម្តង។
ជនសង្ស័យមានឈ្មោះ ថេង សុធី ហៅ(ថ្លាង) អាយុ៣១ឆ្នាំ បានយកដំបងវាយ ជនរងគ្រោះឈ្មោះ ថេង សុ ថុន ហៅ(ពូជ) បណ្តាលអោយស្លាប់ ព្រោះជនរងគ្រោះតែងតែរករឿងជាមួយម្តាយបងប្អូន លួចទ្រព្យសម្បត្តិក្នុងផ្ទះលក់គ្មានសល់ និងវាយបំផ្លាញទ្រព្យសម្បត្តិ ជាហេតុធ្វើអោយជនសង្ស័យជាបងបង្កើត ដាច់ចិត្តយកដំបងឈើប្រវែងប្រហែលកន្លះម៉ែត្រ វាយបណ្តាលសម្លាប់តែម្តង រួចគេចខ្លួនបាត់ មកស្នាក់នៅផ្ទះម្តាយមីង ភូមិគគរ ឃុំគគរ ស្រុកកងមាស ខេត្តកំពង់ចាម ។
បច្ចុប្បន្នជនសង្ស័យបាននាំខ្លួនមកសាកសួរបនថែមនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃទើបប្រគល់ឱ្យម្ចាស់ករណី ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕