ភ្នំពេញ៖ ក្រោយពីឃើញរូបភាពប៉ុន្មានសន្លឹកបានធ្វើឲ្យមហាជនជាច្រើនមានការសោកសង្រេគចិត្តជាខ្លាំង ខណៈប្ដីខំជិះម៉ូតូកាត់ថ្ងៃ កាត់ភ្លៀង ដើម្បីរកទិញថ្នាំឲ្យប្រពន្ធ ចំណែកកូនប្រុសស្រី កំពុងចាំឪពុកទិញទឹកដោះឲ្យផឹក តែជាអកុសលព្រហ្មលិខិតហាក់បីដូចជាមិនមេត្តាសោះ បានធ្វើឲ្យប្ដីជាទីស្រឡាញ់ជួបគ្រោះថ្នាក់ចរាចរណ៌រហូតដល់ស្លាប់បាត់បង់ជីវិត។
នារីម្នាក់ បានបើកឡានមួយគ្រឿង ជ្រុលទៅបុកម៉ូតូ ក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅ នឹងកន្លែងកើតហេតុ។ ហេតុការណ៌នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៨យប់ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចក្នុងបុរី រ៉ូយ៉ាល់មេគង្គ ក្បែរផ្លូវជាតិលេខ៦អា ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្ន
រថយន្តបង្កម៉ាក AUDI Q7 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AQ-0805 បើកបរដោយនារីម្នាក់មិនស្គាល់អត្តសញ្ញាណ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ។ រីឯម៉ូតូរងគ្រោះម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1P –1443 ជិះដោយបុរសម្នាក់ឈ្មោះ ខន សុភួន អាយុ២៤ឆ្នាំ មានទីលំនៅផ្ទះ៩៨ ផ្លូវលំ ភូមិបឹងក្អែក ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង (ត្រូវបានស្លាប់នៅកន្លែងកេីតហេតុ) ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញភាគីខាងម៉ូតូធ្វើដំណើរតាមផ្លូវបេតុងក្នុងបុរី រ៉ូយ៉ាល់មេគង្គ ក្នុងទិសដៅពីលិចទៅកើត ខណៈនោះក៏មានភាគីរថយន្តបង្កខាងលើធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នាដោយប្រើល្បឿនលឿន បានបុកម៉ូតូរងគ្រោះពេញទំហឹង និងកិនម៉ូតូអូសប្រហែល១០ម៉ែត្ររងការខូចខាតយ៉ាងដំណំ និងធ្វើឲ្យបុរសម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុផងដែរ ។
ក្រោយមក បងប្អូនប្រជាពលរដ្ឋបានឃាត់នារីម្នាក់ដែលជាអ្នកបើកបររថយន្តប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន រួចសមត្ថកិច្ចក៏បានទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែង និងស្ទួចយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោស្រាយតាមក្រោយ ។ រីឯសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕