ភ្នំពេញ ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រក្រសួងព័ត៌មានមានប្រសាសន៍ថា នៅពេលផ្សព្វផ្សាយព័ត៌មានខុសហើយ មានការកែតម្រូវវិញភ្លាមៗ នោះមិនមានការជាប់ទោសទេ លើកលែងតែប្រព្រឹត្តបទល្មើសជាក់ស្ដែងទើបមានទោស។
ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពីក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី ៩ខែតុលា នៅទីស្ដីការក្រសួងព័ត៌មាន ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំឱ្យប្រធានស្ថាប័នកាសែត វិទ្យុ ទូរទស្សន៍ និងសារព័ត៌មានអនឡាញត្រូវកែតម្រូវពាក្យពេចន៍ ដែលបានផ្សព្វផ្សាយ ព័ត៌មានខុសពីរឿងហេតុដែលបានកើតឡើងគ្រប់ព្រឹត្តិការណ៍នៅក្នុងសង្គម ដើម្បីកុំឱ្យប៉ះពាល់ដល់សិទ្ធិបុគ្គល។
ឯកឧត្តមបញ្ជាក់ថា «អ្នកកាសែតត្រូវទទួលការចុះកែតម្រូវរបស់គេ ប៉ុន្ដែអត់ទោសទេ តែបន្ដិចទៀតគឺច្បាប់ថ្មីនឹងកំណត់ អំពីទោសទណ្ឌដែលយើងមិនកែតម្រូវរបស់គេ។ ប៉ុន្ដែការកែតម្រូវរបស់គេនឹង យើងមិនចេះតែព្រមនោះទេ ជួនកាលគេមកកែតម្រូវមកខុស គឺយើងមិនព្រមនោះទេ ឬយើងចុះហើយយើងពន្យល់បន្ថែមទៀត។ ធម្មតាច្បាប់កាសែតគេផ្ញើឱ្យយើងកែតម្រូវអត់ពន្យល់ទេ ចុះទាំងស្រុង ចុះទំព័រ ណា នៅម៉ោងណា ដាក់ផ្សាយម៉ោងនឹង។ នេះគឺជាច្បាប់សារព័ត៌មានដែលយើងត្រូវយល់ ហើយយើងត្រូវស្វែងយល់ច្បាប់នឹងមែន ទែន។
គួរបញ្ជាក់ថា ក្រសួងព័ត៌មាននឹងរៀបចំកែតម្រូវច្បាប់របបសារព័ត៌មាននូវមាត្រាមួយចំនួនបន្ថែមទៀត ដើម្បីឱ្យច្បាប់នេះកាន់តែលម្អិត និងមានភាពល្អប្រសើរឡើង ក្នុងខណៈដែលវិស័យសារព័ត៌មានមានការរីកចម្រើនខ្លាំង៕