កោះកុង ÷ មន្ត្រីជំនាញ និង អាជ្ញាធរក្រុងខេមរភូមិន្ទ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះបានចុះទៅធ្វើការហាមឃាត់ក្រុមឈ្មួញដែលកំពុងចាក់ដីចូលទៅក្នុងចំណីអូរមួយកន្លែងដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ បំណងយកធ្វើជាកម្មសិទ្ធិឯកជន ត្រង់ចំណុចស្ពានអូរព្រែកជ័រ ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។
បើតាមការបញ្ជាក់ពីលោក ញ៉ែម យី ចៅសង្កាត់រងស្មាច់មានជ័យ បានអោយដឹងថា បន្ទាប់ពីទទួលបានបទបញ្ជាពីលោកអភិបាល ក្រុង អាជ្ញាធរ រួមទាំងមន្ត្រីជំនាញ បានចុះមកធ្វើការពិនិត្យជាក់ ស្តែង និងសម្រេចអោយឈ្មួញដែលកំពុងចាក់ដីចូលក្នុងចំណីអូរខាងលើ បញ្ឍប់សកម្មភាពចាក់ដីជាបណ្តោះអាសន្ន ដោយតម្រូវអោយភាគីម្ចាស់ដីយកឯកសារពាក់ព័ន្ធទៅកាន់សាលា ក្រុង ដើម្បីធ្វើការត្រួតពិនិត្យ និងដោះស្រាយ បើសិនជាភាគីម្ចាស់ ដីនៅតែបន្តចាក់ដីទៀត នោះអាជ្ញាធរនិងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន ។
ដោយឡែកបើយោងទៅតាមរបាយការណ៍ជាក់ស្តែងដែលក្រុមមន្ត្រីជំនាញបានចុះពិនិត្យដោយផ្ទាល់នោះបានអោយដឹងថា ការចាក់ដីខាងលើ គឺពិតជាបានចាក់បំពានចូលទៅក្នុងអូរជាមធ្យមប្រមាណជា៦ ទៅ ៧ម៉ែត្រ ។
ជុំវិញរឿងរ៉ាវចាក់ដីនេះ លោកសន សុភ័ស្ត បានខលមកអ្នក សារព័ត៌មានដោយអះអាងថា ខ្លួនជាម្ចាស់ដី ហើយថាគ្រាន់តែចាក់ដីលុបលើដីខ្លួនឯងប៉ុណ្ណឹងមានអ្នកសារព័ត៌មានតេសួរនាំបីទៅបួននាក់ហើយ តើវាខុសអ្វីខ្លះទៅ ហើយអាចឱ្យខ្ញុំធ្វើអ្វីខ្លះបានវាត្រឹមត្រូវ ខ្ញុំសូមប្រាប់ថា បើអ្នកណាហ៊ានចុះផ្សាយ ខ្ញុំនិងប្ដឹងទៅតុលាការហើយ ព្រោះដីខ្ញុំមានប្លង់ ។
បើយោងតាមការបញ្ជាក់ពីពល រដ្ឋដែលរស់នៅជិតតំបន់ខាងលើ បានអោយដឹងដែរថា ដីដែលក្រុមឈ្មួញកំពុងចាក់នេះ ពីដើមឡើយគឺពុំមានបុគ្គលណាម្នាក់ជាម្ចាស់នោះឡើយ (ដីសាធារណៈរបស់រដ្ឋ) ព្រោះអូរខាងលើនេះមានសារៈសំ ខាន់សំរាប់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នេះខ្លាំងណាស់ ដោយរដូវប្រាំងពួកគាត់អាចយកទឹកអូរនេះទៅប្រើប្រាស់ជាប្រយោជន៍ផ្សេងៗបានជាច្រើន ដោយឡែកសំរាប់រដូវវស្សាវិញ អូរមានតួរនាទីរំដោះនូវជំនន់ទឹកភ្លៀង និងជាកន្លែងរមណីដ្ឋានដ៏ស្រស់ស្អាតសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ថែមទៀតផង ។
ប្រភពដដែលបន្តថា អូរនេះពី ដើមឡើយមាន តូបលក់ដូររបស់ពលរដ្ឋមួយគ្រួសាររស់នៅ តែក្រោយមកនារដូវវស្សាត្រូវបានទឹកកួចយកតូបនោះទៅបាត់ ហើយក៏លែងមានអ្នកណាមកសាងសង់តូបនៅក្បែរមាត់អូរនេះទៀតដែរ តែស្រាប់តែពេលថ្មីៗនេះក៏មានក្រុមឈ្មួញមកចាក់ដីបំរុងលុបយកធ្វើជាកម្មសិទ្ធិទៅ វិញ រឿងរ៉ាវនេះបានធ្វើអោយពួក គាត់ដាក់ការ សង្ស័យថាអាចបណ្តាលមកពីមានការឃុបឃិតបើកភ្លើងខៀវ ពីស្ថាប័នពាក់ព័ន្ធ ។ ហើយជុំវិញរឿងនេះពលរដ្ឋរងចាំមើលថា តើអាជ្ញាធរនិងមន្រ្តីជំនាញមានចំណាត់ការបែបណាបន្តទៀត ទៅលើការចាក់ដីរំលោភចូលអូរខាងលើនេះ ៕