ខេត្តកែប ៖ ក្រោយពីមានសេចក្តីរាយការណ៍ករណីចាក់ដីចូលក្នុងសមុទ្រនៅចំណុចព្រែកតានេន ភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តបានបញ្ជាឲ្យលោកវរសេនីយ៍ឯក ង៉ែត ទូច ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោក ឆៀង ឆាយ អភិបាលរងស្រុក ដឹកនាំក្រុមការងារមន្ត្រីជំនាញចុះទៅពិនិត្យទីតាំងផ្ទាល់ និងធ្វើការហាមឃាត់ជាបណ្ដោះអាសន្ន។
នៅវេលាម៉ោង៣ និង៣០នាទីរសៀល ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តក៏បានដឹកនាំមន្ត្រីជំនាញមន្ទីពាក់ព័ន្ធ និងមានការចូលរួមពីលោកស្រី គឹម ចាន់នី អភិបាលស្រុកដំណាក់ចង្អើរ អាជ្ញាធរឃុំអង្កោល ហើយនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីចុះពិនិត្យដល់ចំណុចទីតាំងផ្ទាល់ និងបានបញ្ជាឱ្យកាយចេញឡើងវិញឲ្យអស់ ព្រមទាំងសំអាតអនាម័យបរិស្ថានឱ្យល្អប្រសើរ ថែមទាំងបានណែនាំចូលរួមគោរពច្បាប់។
ប្រជាពលរដ្ឋបាននាំគ្នាសម្តែងការហួសចិត្តយ៉ាងខ្លាំងដែលបុគ្គលឈ្មោះ គង់ យន់ មានតួនាទីជា ក្រុមប្រឹក្សា ឃុំអង្កោល បានចាក់ដីលុបសមុទ្រទាំងបំពានច្បាប់ ខណៈដែលខ្លួនឯងគឺជាមន្ត្រីអ្នកអនុវត្តច្បាប់ គួរតែធ្វើជាគំរូល្អដល់ពលរដ្ឋ បែរជាមកបំពានច្បាប់ទៅវិញ។
ប្រជាពលរដ្ឋបានលើកឡើងថា បើពួកគាត់ជាប្រជាពលរដ្ឋសាងសង់តូប ឬក៏ធ្វើអ្វីមួយនៅមាត់សមុទ្រ ត្រូវតែសុំច្បាប់ ឬសុំច្បាប់ហើយ អាជ្ញាធរនិងមន្ត្រីជំនាញមិនអនុញ្ញាតឲ្យសាងសង់ផង ចុះហេតុអ្វីបានជា លោកក្រុមប្រឹក្សាឃុំម្នាក់នេះហ៊ានដល់ចាក់ដីលុបសមុទ្រមិនខ្លាចញញើតពីច្បាប់បន្តិចសោះ ឬមួយមានអ្នកនៅពីខាងក្រោយខ្នង ទើបលោក គង់ យន់ ហ៊ានធ្វើអ្វីៗតាមតែអំពើចិត្តដូច្នេះ។
លោក ម៉ី ជី មេឃុំអង្កោលបានប្រាប់អ្នកសារព័ត៌មានឲ្យឲ្យដឹងថា មួយរយៈនេះគាត់ឈឺ គាត់បានប្រគល់ការងារឲ្យទៅជុំទុកទី១ឃុំ ឯរឿងលោកក្រុមប្រឹក្សាឃុំចាក់ដីលុបសមុទ្រនេះ តែលោកមិនគាំទ្រនោះទេ ក្នុងនាមខ្លួនគឺជាមន្ត្រី ធ្វើអ្វីតាមតែទំនើងចិត្តធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ប្រជាពលរដ្ឋ និងជាគំរូអាក្រក់៕