កំពង់ស្ពឺ៖ គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានរៀបចំកិច្ចប្រជុំពិភាក្សា ស្ដីពីទិន្នន័យផលប៉ះពាល់និងខូចខាតបឋមដោយគ្រោះជំនន់ទឹកភ្លៀង នៅអាគាប្រជុំសាលាខេត្តអាគារ”ខ”នៅថ្ងៃទី២២ ខែតុលាឆ្នាំ២០២០នេះ ក្រោមអធិបតីភាពឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តកំពង់ស្ពឺ។
កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ ព្រះរាជអាជ្ញា នាយករដ្ឋបាល លោក លោកស្រីតំណាងមន្ទីរ-អង្គភាព ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងបី និងលោក លោកស្រី អភិបាលក្រុង-ស្រុក ទាំង៨ សមាសភាពចូលរួមសរុបចំនួន ៤០រូប ។
បើយោងតាមរបាយការណ៍របស់រដ្ឋបាលនៅខេត្តកំពង់ស្ពឺដែលបានប្រមូលពីមន្ទីរ អង្គភាពជំនាញ ពាក់ព័ន្ធបាន ឲ្យដឹងថា÷ ទិន្នន័យប៉ះពាល់និងខូចខាតបឋមដោយទឹកជំនន់ទឹកភ្លៀងក្នុងខេត្តកំពង់ស្ពឺត្រឹមថ្ងៃទី ២១ ខែតុលាឆ្នាំ ២០២០នេះស្រុក ក្រុង ដែលបានរងផលប៉ះពាល់មានចំនួន ៨ លើ ៨ ក្រុងស្រុក។ ឃុំ សង្កាត់ដែលរងផលប៉ះពាល់មានចំនួន ៥៨ លើ ៨៧ ឃុំ សង្កាត់។ ភូមិដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងមានចំនួន ២០៥ លើ ១៣៧៩ ភូមិ។ គ្រួសារដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងមានចំនួន ២ ៤២០ គ្រួសារ។ ក្នុងនោះមានគ្រួសារដែលរងគ្រោះធ្ងន់មានចំនួន ២១២ គ្រួសារ (គ្រួសារដែលត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព)។ គ្រួសារដែលរងគ្រោះមធ្យមមានចំនួន ៥៦១ គ្រួសារ។ គ្រួសារដែលរងគ្រោះស្រាលមានចំនួន ១៦៥៧ គ្រួសារ ។
ប៉ះពាល់ស្រូវចំនួន ២៦១៩៥ ហ.ត -ខូចខាតស្រូវ ២១២ ហ.ត -ដំណាំរួមផ្សំ ១៣១១២ ហ.ត -ដំណាំចំការ ១៥ ហ.ត -ផ្លូវក្រាលគ្រួសក្រហម ១៦២២៩ ម៉ែត្រ -ទំនប់ទឹក ១៥ កន្លែង -ប្រឡាយមេ ២៣០៣ ម -ប្រឡាយរង ១១១៦ ម -សំណង់សិល្បៈការ ៦ កន្លែង ។
ឯកឧត្តមវ៉ីសំណាងអភិបាលនៃគណៈអភិបាលខេត្តបានផ្ដាំផ្ញើឲ្យមន្ទីរអង្គភាពជំនាញជុំវិញខេត្តត្រូវធ្វើការជួសជុលផ្លូវឲ្យបានល្អប្រសើរឡើងវិញ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ ហើយខ្នងទំនប់តាហោខាងជើង ដែលមានប្រវែងជាង ១៧ គីឡូម៉ែត្រ ត្រូវធ្វើការឈូសឆាយ ដើម្បីឲ្យពលរដ្ឋ ធ្វើដំណើរពីទីរួមខេត្តទៅដល់ផ្លូវ ៥១ ដើម្បីចូលរួមកាត់បន្ថយបាន ការកស្ទះនៅលើផ្លូវជាតិលេខ ៤ ។
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវត្រៀមបម្រុងគ្រាប់ពូជសម្រាប់ប្រជាកសិករ ។
មន្ទីរធនធានទឹកនិងឧតុនិយមត្រូវរក្សាទឹកក្នុងអាងក្នុងទំនប់ដើម្បីរក្សាទឹកទុកឲ្យប្រជាពលរដ្ឋប្រើប្រាស់នារដូវប្រាំងផងដែរ ៕
ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំ គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត រៀបចំកិច្ចប្រជុំផលប៉ះពាល់ និងខូចខាតបឋមដោយជំនន់ទឹកភ្លៀង…
Filed in: ព័ត៌មានជាតិ