(ខេត្តកំពង់ស្ពឺ)៖ និមិត្តរូបនៃជ័យជំនះនិងសុខសន្តិភាពនៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៦៧ ១៩៥៣/២០២០ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដ និងកងកម្លាំងនគរបាលទូទាំងខេត្ត អញ្ជើញចូលរួមក្នុងពិធី ទិវាបុណ្យឯករាជ្យជាតិ ខួបលើកទី៦៧ បានរៀបចំប្រារព្ធធ្វើឡើងយ៉ាងមហោឡារិកនៅ បរិវេណវិមានឯករាជ្យក្នុងខេត្តកំពង់ស្ពឺ. ក្រោមអធិបតី ឯកឧត្តម ឧត្ដមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរង បញ្ជាការកងទ័ពជេីងគោក និងជាមេបញ្ជាការ យោធភូមិភាគទី៣ ឯកឧត្តម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ដ ឯកឧត្តម លោកជំទាវ ជាអភិបាករងខេត្ដ សមាជិកក្រុមប្រឹក្សាខេត្ដ ប្រធានសាលាដំបូងខេត្ត លោកមេបញ្ជាការ មេបញ្ជាការរង កងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំជុំវិញខេត្ត រួមទាំងមន្ត្រីរាជការយុវជន សសយកខេត្ដ យុវជនកាយឫទ្ធិ កាកបាទក្រហមខេត្ដ និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករដែលចូលរួមពិធីជួបជុំនៅវិមានឯករាជ្យ នាព្រឹកនេះ បានពាក់ម៉ាស់ និងប្រុងប្រយ័ត្ន ចូលរួមការពារ មិនឲ្យឆ្លងជំងឺកូវីដ១៩ ក្រោមវិធានការសុខាភិបាលយ៉ាងត្រឹមត្រូវ។
ពិធីនេះ ជានិមិត្តរូបនៃជ័យជំនះ សុខសន្តិភាព និងឯករាជ្យពេញបរិបូរណ៍របស់កម្ពុជា ថ្ងៃ ៩ វិច្ឆិកា ទិវាបុណ្យឯករាជ្យជាតិ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីបង្ហាញពីឯករាជ្យជាតិខ្មែរ និងជាការឧទ្ទិសដល់ព្រះរាជបូជនីយកិច្ច របស់អតីត ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គ បានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ នៅក្នុងព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យ ពីអាណានិគមបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
វិមានឯករាជ្យសាងសង់ឡើង ដើម្បីជានិមិត្តរូបបញ្ជាក់ថា ប្រទេសកម្ពុជា បានទទួលឯករាជ្យពីប្រទេសបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ និងសម្រាប់ជាស្តូបគោរពវិញ្ញាណក្ខន្ធ អ្នកស្លាប់ ដើម្បីបុព្វហេតុជាតិ និងដើម្បីប្រារព្ធនូវសេរីភាព និងឯករាជ្យរួចពីការគ្រប់គ្រងរបស់បរទេស៕
អបអរសាទរ ទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ឆ្នាំ១៩៥៣ លើកទ៦៧ នៅវិមានឯករាជ្យខេត្តកំពង់ស្ពឺ …
Filed in: ព័ត៌មានជាតិ