ខេត្តកោះកុង÷ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០វេលាម៉ោង ១០:២៥នាទីព្រឹកដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកោះកុង លោកវរសេនីយ៍ឯក ហួន នុន អធិការនគរបាល ស្រុក ស្រែអំបិល បានដឹកនាំកម្លាំងជំនាញប្រឆាំងគ្រឿងញៀន,ផ្នែកព្រហ្មទណ្ឌ, ប៉ុស្តិ៍រដ្ឋបាលស្រែអំបិល និងកំលាំអន្តរាគមន៍ បានចុះអនុវត្តន៍តាមដីកាបង្គាប់អោយចាប់ខ្លួនរបស់សាលាដំបូងខេត្តកោះកុង លេខ:៣៦២៦ត.ព/១៩ ចុះថ្ងៃទី៣១/១២/១៩ ចេញដោយ ងួន ធីរ: ចៅក្រមស៊ើបសួរសាលាតំបូងខេត្តកោះកុង បង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យឈ្មោះ ផន ចិត្រា ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិ-ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ពីបទជួញដូរចែកចាយនូវសារធាតុញៀនដោយខុសច្បាប់ នៅចំនុចរង្វង់មូលស្រែអំបិល ភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ។
ជនសង្ស័យចាប់ខ្លួនបាននៅចំនុចក្នុងផ្ទះ ស្ថិតក្នុងភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ។ ក្រោយពេលឆែកឆេរ កំលាំងយើងបានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យថាជាសារធាតុញៀនចំនួន ១កញ្ចប់តូច ជញ្ជើងថ្លឹងថ្នាំពណ៍ខ្មៅចំនួន១គ្រឿង អាវុធAK ៤៧ ចាស់ ១ដើម គ្រាប់១៦គ្រាប់ (ក្នុងនោះគ្រាប់អឹមសីចំនួន ២គ្រាប់) និងអាវុធកែឆ្នៃ ចំនួន២ដើមថែមទៀត។
ចំពោះអាវុធ ៣ដើមខាងលើកំលាំងជំនាញប្រឆាំងគ្រឿងញៀន បានប្រគល់អោយ ទៅផ្នែកព្រហ្មទណ្ឌដើម្បីកសាងសំណុំរឿងបន្ថែម ។ ជនសង្ស័យត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិលដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តកោះកុងដើម្បីចាត់ការបន្ត៕