កែប៖ ពិតជាមានបារមីខ្ពស់មែនលោក តោ សុវុទ្ធី សូម្បីតែអាជ្ញាធរខេត្តកែប គ្រាន់តែលឺឈ្មោះឈរញ័រជើងញាប់ដៃបើកភ្នែកមើលលោក រំលោភយកដីសហគមន៍ ការពារព្រៃឈើ នៅចំណុចអ្នកតាឈរប្រមាណជាង១ហិចតា ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន រួចហើយឆ្លើយថាច្រឡំប្លង់ទៅវិញ ។
បើតាមប្រភពពីមន្រ្តីរាជការមួយចំនួនតូច បានខ្សឹបប្រាប់ថា បច្ចុប្បន្ននេះលោក តោ សុវុទ្ធី កំពុងល្បីល្បាញខ្លាំងណាស់ នៅភូមិសាស្រ្ត ស្រុកដំណាក់ចង្អើរ ខេត្តកែប តាមរយៈការសាងសង់ផ្ទះ លំហែបឹងកាឡូ រំលោភលើដីសហគមន៍ការពារព្រៃឈើ ក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលជាដែនអភិរក្ស ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើខេត្តកែប ។
ប្រជាពលរដ្ឋដែលរស់នៅជិតតំបន់នោះបានរៀបរាប់អោយដឹងថា ភូមិសាស្ត្រព្រៃ សហគមន៍ ការពារព្រៃឈើ ដ៏តឹងរឹងបំផុត អាជ្ញាធរបានហាមឃាត់មិនឲ្យមានបុគ្គលណាម្នាក់ ទន្ទ្រានយកដី ឬ កាប់ដើមឈើក្នុងតំបន់នោះឡើយ ប៉ុន្តែឥឡូវនេះ ប្រជាពលរដ្ឋបានកោតសសើរចំពោះ បុគ្គលដ៏មហាអស្ចារ្យ លោក តោ សុវុទ្ធី ដែលមាន អំណាចអាចយកដៃ បាំងមេឃ ឈូសឆាយទន្ទ្រានព្រៃ យកដីសង់ផ្ទះលំហែរ នៅលើភ្នំដែលជាដី សហគមន៍ការពារ រដ្ឋបាលព្រៃឈើ ខណៈដែល ប្រជាពលរដ្ឋទូទៅ គ្មានអ្នកណាហ៊ាន សូម្បីតែកាប់ឈើមួយដើម ព្រោះខ្លាចអំណាច របស់ រដ្ឋបាលព្រៃឈើ ចាប់ចងយកមក ផ្តន្ទាទោសអោយ ជាប់គុកជាប់ច្រវ៉ាក់ ។
បើតាមការបែកធ្លាយតាមបណ្ដាញសង្គម បានដាក់ការសង្ស័យថា លោក តោ សុវុទ្ធី អាចនឹងមានខ្នងបង្អែក ដ៏រឹងមាំណាមួយនៅក្នុងខេត្តកែបនេះហើយ ទើបថ្លើមធំហ៊ាន ទន្ទ្រានរំលោភយកដីសហគមន៍ព្រៃឈើ នៅចំណុចព្រៃ អ្នកតាឈរ ស្ថិត នៅភូមិចំការបី ប្រមាណជាង១ហិចតា ជាយូរឆ្នាំមកហើយ រហូតបានសាងសង់ផ្ទះលំហែរ បឹងកាឡូ ជាច្រើនខ្នងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទៀត។
ទើបតែបែកធ្លាយថ្មីៗនេះ ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះ មន្ត្រីជំនាញបានចេញ សេចក្តីប្រកាស ព្រមានលោក តោ សុវុទ្ទី ឲ្យបញ្ឈប់ ជាបន្ទាន់រាល់ការឈូសឆាយ ទន្ទ្រានដីព្រៃរបស់ សហគមន៍ និងសាង សង់ផ្ទះ និង បឹងកាឡូ ប៉ុន្តែបុគ្គលមួយរូបនេះ មិនត្រឹមតែមិនយក ត្រចៀកស្ដាប់នោះទេ គឺថែមទាំងបង្កើន សកម្ម ភាពឈូសឆាយ និង សាសង់រហូត លេចចេញនូវ រូបរាងផ្ទះលំហែរ កាយកាន់តែច្រើនខ្នងថែមទៀតផង ៕
តើបុគ្គល តោ សុវុទ្ធី ជាអ្នកណា បានជាហ៊ានរំលោភយកដីសហគមន៍ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន សូម្បីតែអាជ្ញាធរខេត្តកែប ក៏ខ្លាចញញើនិងមិនហ៊ានធ្វើការទប់ស្កាត់ដែរ…
Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម