ព្រះសីហនុ – អ្នកយកព័ត៌មានឲ្យទូរទស្សន៍អនឡាញ MSJ ប្រចាំខេត្តព្រះសីហនុ គឺលោក ដួង ច័ន្ទបូរិទ្ធ បានសម្តែងការហួសចិត្ត ក្រោយពីបានឃើញសាលក្រមរបស់សាលាដំបូងខេត្តព្រះសីហនុ ដែលឲ្យភាគីម្ខាងទៀតបង់លុយសងជំងឺចិត្តមកលោកចំនួន១លានរៀល ក្រោយពីលោករងនូវអំពើហិង្សា និនិងវាយកម្ទេចទូរស័ព្ទលោកថែមទៀត
លោក ច័ន្ទបូរិទ្ធ បានថ្លែងថា លោកមិនពេញចិត្តនឹងសេចក្ដីសម្រេចរបស់សាលាដំបូងខេត្តព្រះសីហនុទេ ទាំងដែលលោកស្រី ជា សុខឡេង បានប្រើហិង្សាវាយទាត់ធាក់ជេរប្រមាថបំផ្លាញទ្រព្យសម្បត្តិ(ទូរស័ព្ទ) មកលើរូបលោក ដោយលោកមានឯកសារបញ្ជាក់ពីអត្តសញ្ញាណជនពាក់ព័ន្ធ និងភស្តុតាងគ្រប់គ្រាន់ ក្នុងការចោទដាក់បន្ទុក ប៉ុន្តែបែរជាការសម្រេចសាលក្រម របស់សាលាដំបូងខេត្តព្រះសីហនុ ធ្វើឲ្យលោកមិនអាចទទួលយកបានទេ។
លោកថា រឿងនេះពិតអយុត្តិធម៌ណាស់ ដូច្នេះលោកសម្រេចចិត្តដាក់ពាក្យប្ដឹងឧទ្ធរណ៍ហើយ។
គួររំឭកថា រឿងរ៉ាវដែលកើតដល់ការប្តឹងផ្តល់នោះ គឺបានកើតឡើងកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ខណៈដែលលោក ដួង ច័ន្នបូរិទ្ធ បានចុះយកព័ត៌មាន និងថតផ្ដិតសកម្មភាពទំនាស់ដីធ្លីលើដីគម្របព្រៃឈើ ស្ថិតក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ហើយពេលនោះ ក៏ត្រូវលោកស្រី ជា សុខឡេង ចេញមកធ្វើការជេរប្រមាថព្រមទាំងប្រើអំពើហិង្សាមកលើរូបលោកទៀត៕