កំពង់ស្ពឺ÷ នាព្រឹកថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត រួមដំណេីរដោយ ឯកឧត្ដម លោកជំទាវ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ បានអញ្ជើញអមដំណេីរ ឯកឧត្ដម អភិបាលខេត្ដ ចុះសួរសុខទុក្ខ និងសំណេះសំណាល នាយទាហាន ពលទាហាន កងកម្លាំងទាំង៣ នៅតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ។
ថ្លែងនៅក្នុងឱកាសនោះផងដែរ ឯកឧត្តម វ៉ី សំណាង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ នាយទាហាន ពលទាហាន ទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការបំពេញភារកិច្ច ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការចូលរួមថែរក្សាសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ សម្រេចបានលទ្ធផល និងស្នាដៃល្អប្រសើរ ជូនជាតិមាតុភូមិ។
ឯកឧត្តមក៏បានបន្តទៀតថា រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត និងសក្តានុពល ធ្វើឲ្យប្រទេសជាតិ មានសន្តិភាព សន្តិសុខ ស្ថេរភាពសង្គម និងការអភិវឌ្ឍន៍ជាតិរីកចម្រើនលើគ្រប់វិស័យ ដោយជានិច្ចកាលសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាតែងតែរួមសុខទុក្ខជាមួយកងទ័ព គិតគូរអំពីជីវភាពរស់នៅ និងបានឧបត្ថម្ភដោះស្រាយនូវរាល់ការខ្វះខាតរបស់បងប្អូនកងកម្លាំងគ្រប់លំដាប់ថ្នាក់ ។
នាឱកាសនោះផងដែរ ឯកឧត្តម វ៉ី សំណាង ក៏បាននាំយកសម្ភារៈមួយចំនួនជូនដល់ កងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ នៅតំបន់ប្រតិបត្តិការសឹងរងកំពង់ស្ពឺរួមមាន៖ មី ១០០កេស ត្រីខ ៥កេស ទឹកត្រី ២០ យួរ ទឹកស៊ីអ៊ីវ ២០ យួរ អាវ ១០០ អាវ និង ភួយ ១០០ ៕