ក្នុងសន្និសីទព័ត៌មានមួយសម្តេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជានៅល្ងាចថ្ងៃទី០៧ខែកុម្ភៈឆ្នាំ២០២១ បន្ទាប់ពីកម្ពុជាទទួលវ៉ាក់សាំងកូវីដ១៩ចំនួន៦០ម៉ឺនដូសដែលជាជំនួយរបស់រដ្ឋាភិបាលចិនជំហានដំបូងបានប្រកាសអនុញ្ញាតឱ្យអ្នកសារព័ត៌មានស្ថិតនៅក្នុងចំណោមជនអាទិភាពដែលត្រូវទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជាបានមានប្រសាសន៏ថាអ្នកសារព័ត៌មានជាជនដែលសកម្មហើយចល័តគ្រប់ទីកន្លែងដើម្បីប្រមាញ់ព័ត៌មានជូនសាធារណជន។សម្តេចហ៊ុន សែន ជាការឆ្លើយតបទៅនឹងសំណួរបណ្តាញព័ត៌មានក្នុងសន្និសីទព័ត៌មានខាងលើនេះបានបញ្ជាក់ថា«សូមឱ្យក្រសួងសុខាភិបាលចាត់ទុកក្រុមអ្នកដើរយកព័ត៌មាននេះជាក្រុមដែលត្រូវបានទទួលវ៉ាក់សាំងព្រោះពួកគេរុករកគ្រប់ទីកន្លែងទាំងអស់មិនដឹងថាទៅទីកន្លែងណាខ្លះទេអញ្ចឹងខ្ញុំសូមអ្នកសារព័ត៌មានទាំងអស់ដែលមានអាយុត្រឹម៥៩ឆ្នាំចុះមកទទួលវ៉ាក់សាំង»។បន្ថែមពីនេះសម្តេចហ៊ុនសែនបានបញ្ជាក់ទៀតថាអ្នកសារព័ត៌មានអាជីពដែលចង់ទទួលបានវ៉ាក់សាំងកូវីដ១៩ត្រូវចុះឈ្មោះ ហើយពិនិត្យមើលលក្ខខណ្ឌរបស់វ៉ាក់សាំង Sinopharm ក្នុងនោះក៏ត្រូវមានអាយុចន្លោះពី ១៨ ដល់ ៥៩ឆ្នាំជាដើម។ មិនតែប៉ុណ្ណោះ សម្តេចបានណែនាំឱ្យក្រសួងសុខាភិបាល សហការជាមួយក្រសួងព័ត៌មាន ដើម្បីរៀបចំឱ្យអ្នកសារព័ត៌មាន បានទទួលវ៉ាក់សាំង។ សម្តេចហ៊ុនសែន ថ្លែងបន្តថា ដើម្បីទទួលបានវ៉ាក់សាំងលឿននោះ សម្រាប់អង្គភាពសារព័ត៌មានមួយចំនួន ក៏អាចទំនាក់ទំនងក្រសួងសុខាភិបាលផ្ទាល់ផងដែរ។
បើយោងតាមរបាយការណ៍របស់ក្រសួងព័ត៌មានដែលបណ្តាញព័ត៌មានបានចុះផ្សាយឲ្យដឹងថាបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានប្រព័ន្ធផ្សព្វផ្សាយបោះពុម្ព ចំនួន៣១០គេហទំព័រនិងទូរទស្សន៍អនឡាញចំនួន ៤០០ ស្ថានីយ៍ទូរទស្សន៍ចំនួន ២០០ ស្ថានីយ៍វិទ្យុចំនួន ២២១ និងការិយាល័យតំណាង ២២ នៃភ្នាក់ងារសារព័ត៌មានបរទេស ទូរទស្សន៍ និងវិទ្យុរួមទាំងវិទ្យុសម្លេងសហរដ្ឋអាមេរិកផងដែរ។ ក្រសួងព័ត៌មាន បានចេញប័ណ្ណព័ត៌មានជូនអ្នកសារព័ត៌មានជាតិ បានចំនួនជាង៣ពាន់ប័ណ្ណ៕