ខេត្តកំពង់ឆ្នាំង៖ ដោយបានការអនុញ្ញាតពីលោកឧត្ដម សេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ អ.ហ ខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ។
នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០៨:៣០ នាទី កម្លាំងការិយាល័យជួញដូរមនុស្ស អ.ហ ខេត្តចំនួន ០៦នាក់ ប្រើប្រាស់រថយន្តចំនួន០២គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត យោងតាមដីកាបញ្ជាអោយចូលខ្លួនលេខ១៣៨៤ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភកូនឈ្នួលជាអនិតិជន ការឃាត់ខ្លួនជនសង្ស័យខាលើនេះធ្វើឡើងនៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៨:៣០ នាទី។
លោកវរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថខេតកំពង់ឆ្នាំងបានឲ្យដឹងថាជន សង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះ ជា សុវណ្ណ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិទួលខ្ពស់ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ លើអនីតិជនមិនទាន់គ្រប់អាយុ ដែលប្រព្រឹត្តិនៅចំណុចផ្ទះជនសង្ស័យជាកូនឈ្នួល ស្ថិតនៅភូមិស្រែតាជៃលិច ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
លោកវរសេនីយ៍ឯក ហង្ស សុជាតិ បានឲ្យដឹងទៀតថាវត្ថុតាងចាប់យករួមមាន÷ ទូរស័ព្ទដៃ ចំនួន០៣ គ្រឿង ,រថយន្តចំនួន០១គ្រឿង ម៉ាកTOYOTA HILUX REVO ពណ៌ត្រេអ៉ី ពាក់ស្លាកលេខ ខ.ភ.ម 2-1356។
តាមប្រភពមួយបញ្ជាក់ថារថយន្តចំនួន០១គ្រឿង ម៉ាកTOYOTA HILUX REVO ពណ៌ត្រេអ៉ី ពាក់ស្លាកលេខ ខ.ភ.ម 2-1356 ដែលត្រូវបានសមត្ថកិច្ចឃាត់ទុក ពាក់ស្លាកលេខក្លែងផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើកំពុងអនុវត្តតាមនីតិវិធី៕