ខេត្តកំពង់ស្ពឺ៖ អាជ្ញាធរសមត្ថកិច្ចគយកម្ពុជា ចាប់បានសាច់ក្របីក្លាស្សេ ចំនួន ៣កុងតឺន័រ ដែលមានផ្ទុកមេរោគកូវីដ១៩ នាំចូលមកពីប្រទេសឥណ្ឌា។ សាច់ក្របីទាំងនោះ នឹងត្រូវនាំយកទៅដុតបំផ្លាញចោល នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងរយៈពេល ២-៣ថ្ងៃខាងមុខ។ នេះបើតាមលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។
លោកអភិបាលខេត្តកំពង់ស្ពឺ បានណែនាំទៅកាន់អភិបាលស្រុកឱរ៉ាល់ នៅព្រលប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ឲ្យត្រៀមលក្ខណៈសហការជាមួយខាងគយ ដើម្បីដុតបំផ្លាញសាច់ក្របីទាំងនោះ កុំឲ្យឆ្លងរាលដាលជំងឺកូវីដ១៩ ព្រោះថា បើតាមលោកអភិបាលខេត្ត ទោះបីជាកប់ ក៏អាចមិនមានសុវត្ថិភាពឡើយ។
លោកអភិបាលខេត្ត បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទិញសាច់គោ សាច់ក្របី ត្រូវប្រុងប្រយ័ត្ន ហើយសួរនាំឲ្យបានច្បាស់លាស់ពីប្រភពនៃសាច់ទាំងនោះ ខ្លាចប៉ះសាច់ក្លាស្សេ ដែលនាំចូលពីឥណ្ឌា មានផ្ទុកមេរោគកូវីដ១៩ ដូចអ្វីដែលគយ ចាប់បាននាពេលនេះ។
សូមរម្លឹកថា៖ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ព្រោះមេរោគកូវីដ១៩ អាចនៅរស់នៅលើសាច់កកៗ ដូចករណីសាច់គោ សាច់ក្របី ដែលនាំចូលពីប្រទេសឥណ្ឌា ហើយគយចាប់បាននាពេលនេះ។
ថ្មីៗនេះស្ថានទូតឥណ្ឌា ប្រចាំកម្ពុជាបង្ហាញថា ឥណ្ឌា គឺជាទីផ្សារដ៏ធំមួយនៃការផ្គត់ផ្គង់សាច់ក្របី និងអាហារនានា ហើយប្រទេសកម្ពុជា បាននាំចូលសាច់ក្របីពីប្រទេសឥណ្ឌា ក្នុងតម្លៃ ១៧,៧ លានដុល្លារ កាលពីឆ្នាំ២០២០ កើនឡើងពី ៦,៤ លានដុល្លារ ធៀបនឹងឆ្នាំ២០១៩។
កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចហាមឃាត់ មិនឲ្យនាំចូលសាច់បង្កក និងទំនិញបង្កកផ្សេងទៀត ដែលចាត់ទុកថាជា «ហានិភ័យខ្ពស់» ដែលមានប្រភពមកពីប្រទេសឥណ្ឌា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយសារតែឥណ្ឌា រងគ្រោះធ្ងន់ធ្ងរដោយសារការឆ្លងកូវីដ១៩ ជាថ្មីទៀត៕