កំពង់ស្ពឺ÷ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានយកអស់កំលាំងកាយចិត្ត ប្រាជ្ញា ស្មារតី នូវក្នុងការបំពេញសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ដោយមិនខ្លាចនឿយហត់។
ជាមួយវិធានការ ៣កុំ ៣ការពារ យើងជាប្រជាពលរដ្ឋគ្រប់រូប ត្រូវប្រុងប្រយ័ត្ន និងត្រូវនាំគ្នាកាត់បន្ថយឲ្យបាននូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅតាមវត្តអារាមនានា និងនៅតាមសហគមន៍នៅទូទាំងខេត្ត។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត សូមឱ្យបងប្អូនទាំងអស់ ត្រូវបង្កើនបរិយាកាស នៃការជួបជុំនារដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ប្រកបដោយសុខសុវត្ថិភាព និងពុំមានការឆ្លងរាលដាលជំងឺកូវីដ-១៩ និងមិនបង្កគ្រោះថ្នាក់ចរាចរណ៍កើតឡើង ពីការធ្វេសប្រហែសរបស់បងប្អូននោះឡើយ។
នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២១នេះ នៅក្នុងបរិវេណសាលាខេត្តកំពង់ស្ពឺ បានរៀបចំកម្មវិធីសំណេះសំណាល ជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលនឹងមកដល់នាពេលខាងមុខ។ ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានឧបត្ថម្ភសម្ភារៈមួយចំនួនដូចជា÷ អង្ករ 50 គីឡូ, ត្រីខកំប៉ុងមួយយួរ, អាវយឺតមួយ, អាវក្រណាត់មួយដុំ,និង ថវិកាមួយចំនួនផងដែរ។ សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ បងប្អូនកុំភ្លេចអនុវត្តឲ្យបានខ្ជាប់ខ្ជួនបំផុតនៅវិធានការសុខាភិបាលជាពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ៣កុំ និង៣ការពារ។