កំពង់ស្ពឺ៖ លោកជំទាវ វិជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង នៅក្នុងខេត្តកំពង់ស្ពឺ។ ក្នុងពិធីនេះ មានការអញ្ជើញចូលរួម ឯកឧត្ដម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនទៀត ពិធីនេះបានប្រារព្ធនៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ អាគារ”ខ” ។
ក្នុងឱកាសនោះឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានលើកឡើងថា គិតត្រឹមថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ លទ្ធផលខេត្តកំពង់ស្ពឺ សម្រេចបានលើការងារចាក់វ៉ាក់សាំងរួមមាន៖
ទី១៖ ប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើង ផែនការចាក់វ៉ាក់សាំងសរុបចំនួន ៥៨៧,៥៣៦នាក់ ខណៈប្រជាពលរដ្ឋបានចាក់ដូសទី១ សរុបចំនួន៥៣៨,៣៨៦នាក់ ស្មើនឹង៩១.៦៣% (ក្នុងនោះ ពុំទាន់បានចាក់ ៤៩,១៥០នាក់ ស្មើនឹង៨.៣៧%)។
ទី២៖ កុមារ និងយុវជន អាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំឡើងផែនការចាក់វ៉ាក់សាំងសរុបចំនួន ១១៥,១៨៧នាក់ ក្នុងនោះប្រជាពលរដ្ឋបានចាក់ដូសទី១ សរុបចំនួន៨២,០៣២នាក់ ស្មើនឹង ៧១.២២%។
ទី៣៖ កុមារអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំឡើង ផែនការចាក់វ៉ាក់សាំងសរុបចំនួន ៩៧,៤៤៩នាក់ បានចាក់ដូសទី១ សរុបចំនួន៩១,៤៧៨នាក់ ស្មើនឹង៩៣.៨៧%។
ក្នុងឱកាសនោះ លោកជំទាវ វិជ្ជបណ្ឌិត ឱ វណ្ណឌីន បានគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំរៀបចំផែនការ និងដាក់ចេញនូវអភិក្រមផ្ការីក ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ រហូតសម្រេចបានលទ្ធផល ជិត៩៩ភាគរយ នៃផែនការ១០លាននាក់ ចំពោះប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង។
បន្ថែមពីនេះ លោកជំទាវ វិជ្ជបណ្ឌត បានណែនាំដល់រដ្ឋបាលខេត្ដ ត្រូវបន្ដជម្រុញ និងបង្កើននូវការផ្សព្វផ្សាយយុទ្ធនាការជាតិ ក្រោមប្រធានបទ រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ដល់ប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីបន្ដចូលរួមទប់ស្កាត់ និងការពារជំងឺកូវីដ១៩។ លោកជំទាវ ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលរដ្ឋបាលខេត្តកំពង់ស្ពឺសម្រេច ក្នុងផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងខេត្ត។
លោក ជំទាវ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលនៅសេសសល់មិនទាន់បានចាក់វ៉ាក់សាំង ត្រូវរួសរាន់មកទទួលយកនូវការវ៉ាក់សាំង ដើម្បីមានអាវក្រោះមួយជាន់ទៀត ការពារជំងឺកូវីដ១៩។ ប៉ុន្ដែបើទោះបីចាក់វ៉ាក់សាំង បានគ្រប់ចំនួនក្ដី ក៏មិនត្រូវភ្លេចនូវវិធានការការពារខ្លួននោះទេ ពិសេសវិធានការ ៣ការពារ និង៣កុំ៕