កំពង់ស្ពឺ ៖ អាជ្ញាធរខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ បានរៀបចំប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបិតា ឯករាជ្យជាតិ ដែលជាអង្គសម្តេចឪ សម្តេចតា សម្តេចតាទួត នៃប្រជារាស្ត្រខ្មែរ ដែលព្រះអង្គបានយាងសោយទីវង្គត់អស់គម្រប់ខួប៩ឆ្នាំ។ពិធីប្រារព្ធបានធ្វើឡើងនៅមុខសាលាខេត្តកំពង់ស្ពឺដោយមានការចូលរួមពីក្រុមការងារអ្នកតំណាងរាស្ត្រ ក្រុមប្រឹក្សា រដ្ឋបាលខេត្ត មន្ត្រីរាជការជុំវិញខេត្តនិងកងកម្លាំងទាំងបីប្រភេទផងដែរ។
រដ្ឋបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានថ្លែងថាការប្រារព្ធពិធីនេះឡើងគឺដើម្បីបង្ហាញនូវការគោរពស្រឡាញ់ពោរពេញទៅដោយភក្ដីភាពដ៏ជ្រាលជ្រៅមិនអាចកាត់ថ្លៃបាន របស់ប្រជានុរាស្ត្ររបស់ព្រះអង្គ។ការសម្រួមកាយវាចាចិត្ត គោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះបិតាឯករាជ្យជាតិ ដែលជាអង្គសម្តេចឪ សម្តេចតា សម្តេចតាទួត ដោយមានវត្តមានរបស់ ឯកឧត្តម លោកជំទាវជាសមាជិកក្រុម ប្រឹក្សាខេត្ត និងគណៈអភិបាល ខេត្ត ព្រមទាំងមានការចូលពីមន្ត្រីរាជការ គ្រប់ស្ថាប័ននានាក្នុងខេត្ត រួមនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ តំណាងឱ្យប្រជាពលរដ្ឋទូទាំងខេត្តនាពេលនេះគឺជាការគោរពព្រះវិញ្ញាណក្ខន្ធ រំលឹកថ្វាយចំពោះព្រះករុណាព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តសីហនុ ក្នុងការរំលឹកនូវគុណូបការៈរបស់ព្រះបរមរតនកោដ្ឋ ដែលបានបន្សល់ទុក នូវស្នាព្រះហស្ថនៃអង្គសម្តេចឪ សម្តេចតា សម្តេចតាទួត ជាពិសេសនោះគឺជោគជ័យនៃកម្ពុជាក្នុងការដណ្តើមយក ឯករាជ្យជាតិពីអាណានិគមនិយមបារាំងសេះនាឆ្នាំ១៩៥១ និងការទាមទារប្រាសាទព្រះវិហារខ្មែរមកវិញ ពីសំណាក់សៀមឈ្លានពាននាឆ្នាំ១៩៦២ ការបង្រួបបង្រួមផ្សះផ្សាជាតិ និងសមិទ្ធផលធំៗជាច្រើនទៀតរបស់ព្រះអង្គផងដែរ។
ឯកឧត្តម វ៉ី សំណាង ក្នុងនាមរដ្ឋបាលខេត្តក៏បានថ្លែងបន្ថែមថា ចំពោះគុណូបរៈដ៏ធំធេងដែលបានមកពីស្នាព្រះហស្ថរបស់អង្គសម្តេចឪ សម្តេចតា សម្តេចតាទួតនេះ ក្នុងនាមថ្នាក់ដឹកនាំខេត្តនិងក្នុងនាមប្រជានុរាស្ត្ររបស់ព្រះអង្គពិតជាចងចាំនិងដឹងគុណមិនភ្លេចទេ ហើយសន្យាចំពោះដួងព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គនិងខិតខំថែរក្សាកេរ្តិ៍ដំណែលនេះមិនឱ្យបាត់បង់ឡើយ។