ខេត្តកំពង់ឆ្នាំង៖ លោក សំ រិទ្ធី មុខរបរនាយផ្នែករដ្ឋបាលព្រៃឈើរមាស ទីលំនៅសព្វថ្ងៃស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានដីកាបង្គាប់ឱ្យចូលខ្លួន របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ចេញដោយចៅក្រមស៊ើបសួរ សោម វីរៈ កាលពីថ្ងៃអង្គារ 11កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ 2565 ត្រូវនឹងថ្ងៃទី 7 ខែកញ្ញា ឆ្នាំ 2021 ឲ្យចូលបង្ហាញខ្លួន ចំពោះមុខចៅក្រមស៊ើបសួរ បន្ទប់ (ឆ)នៃសាលាដំបូងខេត្តកំពង់ឆ្នាំង ក្នុងនាមជាជនត្រូវចោទ នៅថ្ងៃទី 20 ខែតុលា ឆ្នាំ 2021 វេលាម៉ោង 2:30 នាទីរសៀលថ្ងៃស្អែកនេះ។
ដោយបានឃើញសំណុំរឿងព្រហ្មទណ្ឌលេខ 748 ថ្ងៃទី 3 ខែកញ្ញា ឆ្នាំ 2021 និងបានឃើញដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ 611/21 ចុះថ្ងៃទី 4 ខែកញ្ញា ឆ្នាំ 2021 របស់តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានឃើញសំណុំរឿងស៊ើបសួរលេខ 403 ចុះថ្ងៃទី 4 ខែកញ្ញា ឆ្នាំ 2021 បង្គាប់មកឈ្មោះ សំ រិទ្ធី ភេទប្រុសអាយុ 46 ឆ្នាំ ជនជាតិខ្មែរ មុខរបរនាយផ្នែករដ្ឋបាលព្រៃឈើរមាស ទីលំនៅសព្វថ្ងៃស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ដើម្បីសាកសួរពីដំណើររឿង សមគំនិតក្នុងអំពើឈូសឆាយដីព្រៃសហគមន៍ ដោយគ្មានច្បាប់អនុញ្ញាត ដែលប្រព្រឹត្តនៅចំណុចសហគមន៍ខ្សាច់ពូន ស្ថិតក្នុងភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹកស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី 2 ខែកញ្ញា ឆ្នាំ 2021បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា 29 នៃក្រមព្រហ្មទណ្ឌ និងមាត្រា 97 ចំណុច 6 នៃច្បាប់ស្ដីពីព្រៃឈើ។
ក្នុងករណីមិនចូលខ្លួន តាមការកំណត់ខាងលើនេះទេ ចៅក្រមនឹងចេញ ដីកាបង្គាប់ឲ្យនាំខ្លួន។
អង្គភាពយើង និង ធ្វើការផ្សាយជាបន្តចំពោះ រឿងនេះ ថាតើក្រោយពីលោក សំ រិទ្ធី បានបំភ្លឺហើយមានរឿងអ្វីកើតឡើងជាបន្តទៀត សូមបងប្អូនទាំងអស់រង់ចាំតាមដានវគ្គបន្ត សូមអរគុណ។