កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំប្រកាសសេចក្តីសម្រេច ស្ដីពី ការបង្កើតក្រុម ការងារដោះស្រាយទំនាស់តាមក្រុង ស្រុកទាំង៨ នៅក្នុងខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុកទាំង៨ មេឃុំ ចៅសង្កាត់ក្នុងខេត្តតាមប្រព័ន្ធវីដេអូរZoomផងដែរ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានជម្រុញឱ្យក្រុមការងារដោះស្រាយទំនាស់ទាំង៨ ក្រុង ស្រុក ពេលទទួលបានសេចក្តីសម្រេចនេះ ត្រូវចុះទៅដល់មូលដ្ឋានព្រមៗគ្នា ចាប់ពីថ្ងៃទី១ ខែវិច្ឆិកានេះតទៅ ហើយការដោះស្រាយទំនាស់ដោយសំណុំរឿងមិនស្ថិតក្នុងប្រព័ន្ធតុលាការ។ ក្រុមការងារត្រូវធ្វើរបាយការណ៍បូកសរុបលទ្ធផលនៃការដោះស្រាយទំនាស់ មកលេខាធិការដ្ឋានដោះស្រាយទំនាស់ថ្នាក់ខេត្ត នូវលទ្ធផលដែលក្រុមការងារសម្រេចបាន។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានផ្តាំផ្ញើឱ្យក្រុមការងារដោះស្រាយទំនាស់ទាំង៨ ក្រុម ត្រូវយកចិត្តទុកដាក់ចុះទៅដោះស្រាយទំនាស់តាមតួនាទីបច្ចេកទេស និងបទពិសោធន៍ល្អៗប្រកបដោយឆន្ទៈ តម្លាភាព ដោយឈរលើនយោបាយឈ្នះឈ្នះភាគីទាំងសងខាងទទួលយកបានទាំងអស់គ្នាក្នុងការរួមគ្នាបញ្ចប់ទំនាស់នៅក្នុងមូលដ្ឋាន ដើម្បីអោយប្រជាពលរដ្ឋយើងរស់នៅដោយសន្តិភាព មានសេចក្តីសុខទទួលបាននូវការអភិវឌ្ឍលើគ្រប់វិស័យ ស្របតាមគោលនយោបាយដឹកនាំរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង