កំពង់ស្ពឺ ៖ ការផ្តល់កង់ និងផ្តល់សំភារៈសិក្សា ព្រមទាំងគ្រឿងឧបភោគបរិភោគយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សប្បុរសជនរដ្ឋបាលខេត្តកំពង់ស្ពឺ ត្រូវបានចែកជូនដល់កុមារកំព្រា ដែលកំពុងរស់នៅក្នុងមណ្ឌលកុមារកំព្រាចំនួនបីក្នុងខេត្ត ដើម្បីសម្រួលដល់ការសិក្សារៀនសូត្រ របស់ពួកគេបន្ទាប់ពីបវេសនកាលខាងមុខ ចូលមកដល់។ ការចែកជូន និងប្រគល់សំភារៈសិក្សា និងកង់ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នៅក្នុងសាលាខេត្ត ក្រោមវត្តមាន ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត។
នៅក្នុងពិធីសំណេះសំណាល និង
ប្រគល់ទទួលនោះដែរ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ដោយមើលឃើញពីតម្រូវការចាំបាច់របស់កូនក្មួយ ដែលកំពុងរស់នៅក្នុងមណ្ឌលកុមារកំព្រា ក្នុងការសិក្សារៀនសូត្រក្រេបយកចំណេះវិជ្ជា សប្បុរសជនអចលនទ្រព្យដឹកនាំដោយលោក អ៉ឹង ស៊ីវឈុន (ក្រុមហ៊ុនអចលនទ្រព្យ ឈុន ទីន) ក៏បាននាំយកកង់និងសំភារៈសិក្សាមកចែកជូន ដើម្បីជួយសម្រួលតម្រូវការជីវភាពប្រចាំថ្ងៃ។ ក្នុងនោះកុមារ ដែលទទួលបាន ការយកចិត្តទុកដាក់ និងឧបត្ថម្ភមានចំនួន១១១នាក់ រស់នៅក្នុងមណ្ឌលកុមារកំព្រាចំនួនបីកន្លែង មណ្ឌលកុមារកំព្រាកំពង់ស្ពឺ ស្ថិតក្នុងសង្កាត់ច្បារមន មណ្ឌលកុមារកំព្រាក្តីសង្ឃឹមថ្មី ស្ថិតក្នុងសង្កាត់កណ្តោលដុំ និងមណ្ឌលកុមារកំព្រាប្រភពជីវិត ស្ថិតក្នុងសង្កាត់ស្វាយក្រវ៉ាន់។ឯកឧត្តម វ៉ី សំណាង បានលើកឡើងដែរថា ថ្វីត្បិតកូនក្មួយអភព្វកើតមកត្រូវបាត់បង់ឪពុក ម្តាយ ខ្វះភាពកក់ក្តៅពីក្រុមគ្រួសារ តែកូនៗមានសំណាង ដែលទទួលបានការយកចិត្តទុកដាក់ ទំនុកបម្រុងជាងកូនៗ ដែលស្ថិតក្នុងគ្រួសារមួយចំនួនពិសេស គឺកូនៗទទួលបានការគិតគូ និងយកចិត្តទុកដាក់បំផុតពីប្រមុខដឹកនាំប្រទេស គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។ មិនតែប៉ុណ្ណោះកូនៗ ក៏មានសំណាងជាងពួកអ៊ុំ ដែលត្រូវដើរទៅរៀនក្នុងចំងាយដីរាប់គីឡូម៉ែត្រ ស្ថិតក្នុងវ័យសិក្សា ត្រូវរត់លូនគេចចេញគ្រាប់ផ្លោងពេលកំពុងរៀន។ វាខុសពីសម័យនេះ មានសាលារៀន មានសុខសន្តិភាព ស្ថេរភាពនយោបាយទូទាំងប្រទេស ដូច្នេះហើយសូមកូនក្មួយ ត្រូវប្រឹងប្រែងសិក្សារៀនសូត្រ ឱ្យបានខ្លាំងពូកែ ដើម្បីកែប្រែវាសនារបស់ខ្លួន និងធ្វើជាទំពាំងស្នងឬស្សីនៃប្រទេសជាតិ ហើយត្រូវគេចឱ្យឆ្ងាយពីអំពើអបាយមុខនានាផងដែរ។
សូមបញ្ជាក់ផងដែរថាចំពោះក្មួយៗជាកុមារកំព្រាទាំង១១១នាក់ទទួលបានកង់ម្នាក់មួយ សំភារៈសិក្សាមួយឈុត ដបទឹកមួយ កាបូបមួយ និងថវិកា១ម៉ឺនរៀល។ហើយចំណែកមណ្ឌលនីមួយៗទទួលបានលើសពីនោះ មណ្ឌលទាំងបីទទួលបានអង្ករ៥០០គីឡូក្រាម -ទឹកក្រូច១០កេស -នំ១០ធុង -មី១កេសធំ នំប៉័ង ៥០ ដើម សម្លការីមួយមណ្ឌល មួយធុង និងថវិកាចំនួន១លានរៀលផងដែរ។ ប្រភព មន្ទីរព័ត៌មានខេត្ត