ខេត្តកំពង់ស្ពឺ÷ នាព្រឹកថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១លោក ហន ពិសិដ្ឋ អភិបាល នៃគណៈអភិបាលស្រុកភ្នំស្រួច បានអមដំណើរឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋចំនួន១៥៥ គ្រួសារ ក្នុងឃុំទាំង១២ នៃស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលកំពុងខ្វះខាតក្នុងបរិបទកូវីដ-១៩។
នាឱកាសនោះផងដែរ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តក៏បានអញ្ជើញចុះពិនិត្យការច្រូតកាត់ និងការប្រមូលផលស្រូវរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិក្រាំងតាតន់ និងភូមិក្រាំងចោត ឃុំអូរ ស្រុកភ្នំស្រួច។
ប្រជាកសិករនៅតំបន់នោះត្រេកអរ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិបាលខេត្ត ប្រតិភូអមដំណើរ លោកអភិបាលស្រុក លោកស្រីមេឃុំ និងជាពិសេសពួកគាត់ត្រេកអរយ៉ាងខ្លាំង ចំពោះទិន្នផលស្រូវរបស់ពួកគាត់នាឆ្នាំនេះ ពិនិត្យឃើញថាចំនួនកើនឡើងទ្វេដង ដោយសារមានប្រព័ន្ធធារាសាស្រ្ត សម្រាប់ស្រោចស្រពបានគ្រប់គ្រាន់។