កំពង់ស្ពឺ៖ សំណុំរឿងលោកប្រធានមន្ទីរអធិការកិច្ច និងទំនាក់ទំនងព្រឹទ្ធសភារដ្ឋសភា ដែលស្ថិតក្នុងប្រតិបត្តិការបង្ក្រាបការជល់មាន់ នៅក្នុងព្រៃខាងត្បូងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ចម្ងាយប្រហែលជាង៥០០ ម៉ែត្រ ស្ថិតនៅក្នុងភូមិអន្លង់ឫស្សី ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកានេះហើយ។
បើយោងតាមការបញ្ជាក់ពីមន្ត្រីនគរបាលតូចតាចម្នាក់និងប្រជាពលរដ្ឋរស់នៅក្នុងស្រុកឱរ៉ាល់បានប្រាប់ឱ្យអង្គភាពយើងដឹងថា កន្លែងទីតាំងបញ្ជល់មាន់ខាងលើនេះត្រូវបាន សមត្ថកិច្ចបង្ក្រាបម្ដងរួចទៅហើយ កាលពីថ្ងៃអាទិត្យទី៣១ ខែតុលាឆ្នាំ២០២១ ក៏ប៉ុន្តែការបង្ក្រាបនោះធ្វើដូចជាទៅបង់អើលចាប ដូចបទចម្រៀងលោកតាស៊ិនស៊ីសាមុតមួយបទច្រៀងថា ក្របីៗស៊ីស្រូវបងមិនសូវៗហ៊ានដេញ ក្របីៗដើរចេញបងដេញៗឲ្យស្រីមើល ក្រពើៗក្នុងទឹកបងមិនសូវៗហ៊ានចាប់ ក្រពើៗងាប់ស្រាប់នឹងបងចាប់ៗអោយស្រីមើល ប្រជាពលរដ្ឋបានខ្សឹបប្រាប់ទៀតថាសមត្ថកិច្ចបង្ក្រាបនេះធ្វើដូចជាក្មេងទៅដេញចាបឲ្យផ្អើលរួចហើយក៏ចូលមកសុីស្រូវវិញ? ព្រោះសមត្ថកិច្ចមិនមានចំណាត់ការអ្វី ទៅលើក្រុមអ្នកញៀនល្បែងជល់មាន់នោះទេ ព្រោះពួកគាត់ឃើញក្រុមអ្នកញៀនល្បែងទាំងនោះផ្អើលតែមួយភ្លែតក៏ក្រុមអ្នកញៀនល្បែងនោះចូលមកលេងស្រែកហ៊ោកញ្ជ្រៀវទ្រហឹងអឹងកងរំពងពេញព្រៃដដែល។
រហូតមកដល់ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចបានបង្ក្រាបក្រុមអ្នកញៀនល្បែងជល់មាន់ម្ដងទៀត នៅកន្លែងដដែលនិងឃាត់ខ្លួនបានមនុស្សចំនួន ៤ នាក់ ក៏ប៉ុន្តែករណីបង្ក្រាបល្បែងជល់មាន់នេះ ហាក់មានការលាក់លៀម មិនអោយព័ត៌មានបែកធ្លាយទេ ព្រោះជាប់ពាក់ព័ន្ធនឹងលោកប្រធានមន្ទីរ បើតាមដំណឹងដោយដឹងថា ដោយសារមានកិច្ចអន្តរាគមន៍ជួយជ្រោមជ្រែងពីអ្នកមានអំណាចនៅក្នុងខេត្ត ទើបមិនឲ្យមានព័ត៌មានបែកធ្លាយចេញមកក្រៅ។
អ្វីដែលមហាជន ក៏ដូចជាមន្ត្រីតូចតាចមានការងឿងឆ្ងល់ គឺនៅព្រឹកថ្ងៃទី៨វិច្ឆិកា ឆ្នាំ២០២១នេះ លោកប្រធានមន្ទីរបែរជាដឹកនាំកិច្ចប្រជុំ ធ្វើហាក់បីដូចជាមិនមានរឿងអ្វីកើតឡើងទាល់តែសោះ។
បើទោះជាបែបនេះក្តី ចាស់បុរាណ លោកបានពោលថា ដំរីងាប់ មិនអាចយកចង្អេរ មកបាំងជិតទេ។ សមត្ថកិច្ចនគរបាលតូចតាច ដែលតែងតែបានចូលរួមក្នុងកិច្ចប្រតិបត្ដិការរបស់អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ កន្លងមកបានខ្សឹបប្រាប់អង្គភាពយើងឲ្យដឹងនៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១នេះថា កាលពីថៃ្ងទី៥ វិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចបានធ្វើការបង្ក្រាបក្រុមអ្នកជល់មាន់មួយកន្លែង នៅចំណុចក្នុងព្រៃមួយកន្លែង ស្ថិតនៅក្នុងភូមិអន្លង់ឫស្សី ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលក្រុមអ្នកញៀនល្បែងទាំងនោះចូលទៅភ្នាល់គ្នាលេងជល់មាន់ គូពិសេស ដោយភ្នាល់ ចាប់ពីរ១ម៉ឺនដុល្លារឡើងទៅ ដែលក្នុងនោះ មានអ្នកមានប្រាក់ជា ថៅកែកាប់ជ្រូក នៅស្ទឹងមានជ័យម្នាក់ នឹងមន្ត្រីរាជការថ្នាក់ដឹកនាំក្នុងខេត្ដម្នាក់ និងអ្នកមានប្រាក់ជាច្រើនម្នាក់ទៀត ត្រូវបានសមត្ថកិច្ចព័ទ្ធចាប់បាន ចំនួន ៤នាក់។
អ្នកទាំងនោះ មានឈ្មោះដូចខាងក្រោម
១-លីប លីម ថៅកែកាប់ជ្រូក
២-ជា គឿន យោធា
៣-ហាក់ លាប ថៅកែគ្រឿងចក្រ
៤-អ៊ិន សារ៉ន ប្រធានមន្ទីរទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច ខេត្តកំពង់ស្ពឺ។ប្រភពបន្តថា ក្រោយប្រតិបត្ដិការបង្ក្រាប មនុស្សទាំងបួននាក់នេះត្រូវបាននាំដល់អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ គឺទូរស័ព្ទរបស់លោកអធិការ រវល់គ្មានពេលសំរាកនោះទេ។ កុំច្រឡំថា លោកជាប់រាយការណ៍ជូនថ្នាក់ដឹកនាំនោះ គឺលោកជាប់ទទួលទូរស័ព្ទអ្នកអន្ដរាគមន៍ កុំអោយចាត់ការបន្ដ និងកុំឆ្លើយថា ទីតាំងនោះ ជារបស់អ្នកណា អោយសោះ គឺជាការជល់មាន់ក្នុងព្រៃ ដើម្បីកែការកំសាន្ដតែប៉ុណ្ណោះ។ចំណុចនេះហើយ ដែលធ្វើអោយមន្ដ្រីតូចតាចអស់សង្ឃឹមនឹងចំណាត់ការកន្លងមក និងការចុះផ្សាយរបស់អ្នកសារព័ត៌មានកន្លងមកថា នៅក្នុងទឹកដីស្រុកឱរ៉ាល់ មានទីតាំងបើកល្បែងស៊ីសងជល់មាន់ អាប៉ោង បៀ តាមទំនើងចិត្ដគ្មានការរំខានដល់សមត្ថកិច្ចមូលដ្ឋានម្ដងណាសោះ។
ចំពោះមុខសញ្ញាទាំងបួននាក់ ដែលនគរបាលយកមក គឺមានបទបញ្ជាហាមដាច់ខាត មិនអោយថតរូប ហើយអ្នកកាសែត ដែលតែងតែផ្ដិតយករូបភាពសកម្មភាពក្នុងការចែករំលែកព័ព័ត៌មាទៅដល់មហាជន ក៏មិនត្រូវអនុញ្ញាតឲ្យយកព័ត៌មានទេ។ ហាមទាំងអស់ សូម្បីក្រុមគ្រួសារអ្នកដែលត្រូវគេបង្ក្រាបនោះបានយកបាយនឹងខោអាវមកឲ្យស្លៀកពាក់ ឆ្ងល់ថា បទល្មើសល្បែងស៊ីសង មានទោសកម្រិតណាដែរ បានជាគេហាមឃាត់លាក់លៀមបែបនេះ។
កន្លងមកមានសារព័ត៌មានចុះផ្សាយ ក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាល ខេត្ដកំពង់ស្ពឺ ចោទប្រកាន់ថា អ្នកសារព័ត៌មានចុះផ្សាយរូបចាស់ គ្មានការពិត។ ចុះពេលនេះ ហេតុអ្វីបង្ក្រាបបានអ្នកលេងល្បែងជល់មាន់ហើយ បែរជាសម្ងំលាក់ទុកទៅវិញ? ឬមួយសម្ងំដោះលែង រត់ការ?។
តាមព័ត៌មាន ក្នុងចំណោម ៤នាក់ ដែលខាងនគរបាលស្រុកឱរ៉ាល់ បញ្ជូនមកខេត្ដ គឺគេឃើញវត្ដមានក្នុងទ្រុងដែកតែ ៣នាក់ទេ បាត់មន្ដ្រីជាន់ខ្ពស់ម្នាក់ ដែលមានមុខតំណែងក្នុងខេត្ដ មិនដឹងថា ពិតដែរ ឬទេ?
ពាក់ព័ន្ធនឹងករណី លោក អ៊ិន សារ៉ន ប្រធានមន្ទីរអធិការកិច្ច និងទំនាក់ទំនងព្រឹទ្ធសភារដ្ឋសភា អង្គភាពយើងបានទំនាក់ទំនងទៅសួរ ឯកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ឯកឧត្តមបានប្រាប់តាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា:
ក្នុងរង្វង់ប្រតិបត្តិការភ្លាមៗ យើងឃាត់៤នាក់ , ក្រោយស្រាវជ្រាវល្អិតល្អន់ និងមានសាក្សីបញ្ជាក់, មានម្នាក់មិនពាក់ព័ន្ធ យើងអោយត្រឡប់ទៅវិញ ។
ខ្ញុំអត់បានដឹងតួនាទីក្នុងរដ្ឋថាពួកគាត់ ធ្វើអ្វីខ្លះទេ គ្រាន់តែដឹងថាពួកគាត់ជាជនសង្ស័យលេងល្បែងស៊ីសង (ជល់មាន់ ) ។ ករណីនេះ យើងបានបញ្ជូនទៅតុលការ ដើម្បីចាត់ការតាមច្បាប់ ។
សមត្ថកិច្ចបង្ក្រាបក្រុមអ្នកជល់មាន់និងឃាត់ខ្លួនមនុស្ស ៤នាក់ ក្នុងនោះមានប្រធានមន្ទីរអធិការកិច្ច និងទំនាក់ទំនងព្រឹទ្ធសភារដ្ឋសភា ម្នាក់ផងដែរ ពាក់ព័ន្ធករណីជល់មាន់…!!!
Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម