ភ្នំពេញ÷ សេចក្តីប្រកាសព័ត៌មាន៖ គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយយោងតាមលិខិតរបស់លោក សៀវ សុផល បានទទួលស្គាល់កំហុសនិងសុំទោសជាសាធារណៈ ពេលនេះខណៈមេធាវី នៃព្រះរាជាណាចក្រកម្មុជា សូមជម្រាបជូនដំណឹងដល់សមាជិកសមាជិកាគណៈមេធាវីនិងសាធារណជនជ្រាបថា ឆ្លើយតបទៅនឹងការទាមទាររបស់ខណៈមេធាវីតាមរយៈលិខិតលេខ៤៤៩/គម/២១ ចុះថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោក សៀវ សុផល ជាម្ចាស់ទំព័រហ្វេសប៊ុកដែលមានគណនេយ្យឈ្មោះថា សៀង សុផល គន្លឹះទៅរកភាពជោគជ័យ បានធ្វើលិខិតសុំទោសជាសាធារណៈចុះថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២១។ នៅក្នុងលិខិតនេះលោក សៀវ សុផល បានទទួលស្គាល់ថា នៅក្នុងវីដេអូមេរៀនស្តីអំពីផ្ដល់គំនិតសេដ្ឋីទីផ្សារ លោកបានលើកឧទាហរណ៍មួយដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរនៃវិជ្ជាជីវៈមេធាវី ដែលជាវិជ្ជាជីវៈសេរីនិងឯករាជ្យ។ លោក សៀង សុផល បានសំដែងនូវការសោកស្ដាយចំពោះកំហុសឆ្គងនេះ និងបានសុំទោសជាសាធារណៈចំពោះគណៈមេធាវី និងចំពោះមេធាវីទាំងអស់ ព្រមទាំងបានយល់ព្រមលុបឃ្លីបវីដេអូនេះ ចេញពីទំព័រហ្វេសប៊ុករបស់គាត់ផងដែរ។ ចំពោះខ្លឹមសារទាំងស្រុងនៃលិខិតសុំទោសជាសាធារណៈរបស់លោក សៀវ សុផល មានភ្ជាប់ជូនខាងក្រោម។
គណមេធាវីសូមស្វាគមន៍ចំពោះការដឹងពីកំហុស និងការសុំទោសជាសាធារណៈនេះ ព្រមទាំងការលុបឃ្លីបវីដេអូដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរនៃវិជ្ជាជីវៈមេធាវី តាមការទាមទាររបស់គណៈមេធាវី។
គណៈមេធាវី ប្ដេជ្ញាបន្តការពារនិងលើកកម្ពស់គុណតម្លៃនិងកិត្តិយសវិជ្ជាជីវៈមេធាវី តាមគ្រប់មធ្យោបាយ។
អាស្រ័យហេតុនេះសូមសមាជិកសមាជិកាគណៈមេធាវីនិងសាធារណជនជ្រាបជាព័ត៌មាន៕