ខេត្តកំពង់ឆ្នាំង÷លោក សុខ ចំរើន មេឈ្មួញត្រីដ៏ធំម្នាក់បានផ្តល់ឧបករណ៍ខុសច្បាប់ជាច្រើនប្រភេទឲ្យបក្ខពួកខ្លួនដាក់កាត់អូរកាត់ព្រែកកាត់ស្ទឹងជាច្រើនកន្លែងស្ទាក់ចាប់ត្រី ហើយខ្លួនចាំប្រមូលទិញត្រីក្នុងស្រុកជលគិរី យ៉ាងសុខស្រួលព្រោះមានការឃុបឃិតជាប្រព័ន្ធទៅហើយ។
តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ឲ្យអង្គភាពយើងដឹងថា:ផ្លូវដែលមច្ឆាជាតិទាំងតូចទាំងធំធ្លាប់ធ្វើចរាចរណ៍គ្រប់រដូវកាលតាំងពីដើមមក ឥឡូវនេះត្រូវបានជំនាញពាក់ព័ន្ធទាំងអស់លេងល្បែងឆ្ពិនភ្នែកថ្នាក់ដឹកនាំដោយយកលេសសហគមន៍ធ្វើជាមុខជំនួញ តាមការពិតប្រភពពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកជលគីរីបានឲ្យដឹងថាជារៀងរាល់ឆ្នាំឃើញតែដាក់ដៃបិទព្រែក គ្រប់កន្លែងក្នុងនោះពួកគាត់បានបញ្ជាក់ថាគឺមានឈ្មោះលោកសុខ ចំរើន ជាឈ្មួញត្រីដ៏ធំម្នាក់ បានផ្ដល់ឧបករណ៍ខុសច្បាប់គ្រប់បែបយ៉ាងឲ្យទៅសហគមន៍ដើម្បីស្ទាក់ចាប់ត្រី ជាថ្នូរនឹងទិញត្រីព្រែកទាំងអស់នោះត្រឡប់មកវិញ ។
ប្រភពបានបន្តទៀតថាសំខាន់ជាងគេគឺលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង រួមគ្នាជាមួយលោកលី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បាទលេងល្បែងឆ្ពិនភ្នែកថ្នាក់ដឹកនាំយកសហគមន៍ដើម្បីជាលេសបន្តយន្តកាលបំផ្លាញពូជត្រីពងកូនគ្រប់រដូវកាល
លោកសុខ ចំរើន ដែលជាមេឈ្មួញ ម៉ៅការដាច់មុខទិញត្រីគ្រប់ព្រែក ដែលបក្សពួកខ្លួនបានដាក់របាំងសាច់អួនក្រឡាញឹកដាក់ស្កាត់តាមអូរ តាមស្ទឹង តាមព្រែក ជាច្រើនកន្លែង មិនឱ្យមានចរាចរណ៍មច្ឆាជាតិទាំងតូចទាំងធំចុះទៅរកបឹងទន្លេបានឡើយ។
បើតាមប្រភពបានឲ្យដឹងទៀតថាលោក សុខ ចំរើន ធ្វើជាទាហានផង រស់នៅក្នុងភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចំណុចទីតាំងនិងភូមិសាស្រ្តដែលលោកសុខ ចំរើន បានឲ្យសហគមន៍ ប្រើប្រាស់ឧបករណ៍ខុសច្បាប់គ្រប់បែបយ៉ាងដាក់ដាយកាត់អូរ កាត់ព្រែក កាត់ស្ទឹងជាច្រើនកន្លែងនោះគឺនៅចំណុចបត់ត្រង់ ឃុំកោះថ្កូវ ស្រុកជលគិរី ចំណុចព្រែកតាប្រុស ក្នុងភូមិតាមល់ក្រោម ចំណុចព្រែកល្វាក្នុងភូមិតាមល់លើ ឃុំកោះថ្កូវ ដោយឡែកចំណុចព្រែកតារស់ ស្ថិតនៅក្នុងឃុំកំពង់ក្ដា ស្រុកកំពង់ត្រឡាច និងចំណុចព្រែកថ្មី ក្នុងភូមិសាស្ត្រស្រុកកំពង់ត្រឡាចក្រោម ចំណុចឆ្នុកអណ្ដែង ស្ថិតនៅក្នុងឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
ប្រជាពលរដ្ឋនៅក្នុងស្រុកជលគីរីក៏ដូចជានៅក្នុងខេត្តកំពង់ឆ្នាំងសូមសំណូមពរទៅឯកឧត្តមប្រធានរដ្ឋបាលជលផលក៏ដូចជាឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងមេត្តាជួយរំដោះពូជត្រីពងកូនដែលកំពុងតែជាប់រនាំងដែលសហគមន៍ដាក់ដៃកាត់ព្រែកនឹងដាក់អ៊ួនក្រឡាញឹកដើម្បីចាប់លក់ឲ្យមេឈ្មួញដែលមានឈ្មោះខាងលើជារៀងរាល់ឆ្នាំផងទាន បងប្អូនប្រជាពលរដ្ឋពិតជាមានការសោកស្ដាយនៅពេលដែលជំនាញជលផលនិងប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងឱ្យសហគមន៍នីមួយៗដើរតួដើម្បីបិទបាំងភ្នែកថ្នាក់លើ បំផ្លាញធនធានមច្ឆាជាតិ មិនគួរណាបណ្ដែតបណ្ដោយឱ្យមានថៅកែឡូត៍នេសាទបែបនេះសោះកំពុងតែប្រឆាំងនឹងបទបញ្ជារបស់ប្រមុខថ្នាក់ដឹកនាំហើយ ៕