កំពង់ស្ពឺ÷ការចូលរួមលេងកីឡា គឺបង្ហាញកម្លាំងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការទាំងវិស័យកីឡា និងវិស័យទំនាក់ទំនងផ្សេងៗទៀត ដូច្នេះវិស័យកីឡាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការទំនាក់ទំនងអោយកាន់តែល្អប្រសើរ នាសម័យសម្ដេចតេជោ សែន។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តមានប្រសាសន៍បែបនេះ នៅពេលដែលឯកឧត្តម និងឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមបិទការប្រកួតវាយសីដណ្តើមពានរង្វាន់ឯកឧត្តមអភិបាលខេត្ត អបអរសាទរ ២ធ្នូ ឆ្នាំ១៩៧៨- ២ធ្នូ ឆ្នាំ២០២១។
ឯកឧត្តមបានបន្តផ្ដាំផ្ញើទៀតថា÷ ការលេងកីឡានេះបានធ្វើឲ្យយុវជនជៀសឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងផ្សេងៗទៀត ដែលសង្គមកំពុងស្អប់ខ្ពើម។ តែកីឡាបានផ្ដល់មកវិញ នូវសុខភាពល្អ កម្លាំងពលាំមាំមួន និងប្រាជ្ញាវាងវៃ។ ដូច្នេះសូមឲ្យក្រុមយុវជន ចូលរួមលេងកីឡាទាំងអស់គ្នា ដើម្បីសុខភាពសាធារណៈផងដែរ។
ការប្រកួតវាយសីដណ្តើមពានរង្វាន់ ឯកឧត្តម អភិបាលខេត្ត អបអរសាទរ ២ធ្នូ ឆ្នាំ ១៩៧៨ -២ធ្នូ ឆ្នាំ២០២១ រយៈពេល៣ថ្ងៃ បានប្រារព្ធធ្វើនៅមណ្ឌលកីឡាវាយសីខេត្តកំពង់ស្ពឺ នាល្ងាចថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ដោយមានក្រុមកីឡាករចូលរួមសរុប ៤៣នាក់ប្រកួតវិលជុំរយៈពេល ៣ថ្ងៃ គណៈកម្មាធិការបានសម្រេច ជ្រើសរើសជើងឯកវាយសីទោលអាយុក្រោម ២០ឆ្នាំ÷ លេខ១បានទៅលើលោក អ៉ិន ស៊ិនចាន់ពន្លឺ លេខ២ បានទៅលើ លោក សូ ចាន់ដេវីត លេខ៣បានទៅលើលោក អ៉ិន ស៊ិនវិស្នុ។ វាយគូរ(ក្រុម)អាយុ៥០ឆ្នាំឡើង លេខ១បានទៅលើក្រុមលោក អ៉ី ឆាយតេង លេខ២ បានទៅលើក្រុមលោក សែ សារឿន លេខ៣ បានទៅលើក្រុមលោក ហ៊ីង វុទ្ធី។ ហើយលេខ១ អាយុក្រោម៤០ឆ្នាំ បានទៅលើក្រុមលោក លឹម ធារម្យ លេខ២ បានទៅលើក្រុមលោក ឈៀង សិលា លេខ៣បានទៅលើក្រុមលោក កែវ គុជសី ។ ក្រោយពីការប្រកួតចប់ក៏មានកម្មពិធីប្រគល់ទទួលពានរង្វាន់ឯកឧត្តមអភិបាលខេត្ត អបអរសាទរ ២ធ្នូ ឆ្នាំ១៩៧៨-២ធ្នូ ឆ្នាំ២០២១ និងមានពិធីជប់លៀងអបអរសាទរផងដែរ។