ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថៃ្ងពុធ ២៩ ធ្នូ ២០២១ នៅសាលប្រជុំ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ មានកិច្ចប្រជុំផ្សព្វផ្សាយ ផែនការ ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០២១-២០២២ និងផែនការសំខាន់ចំនួន០២ទៀតព្រមគ្នាក្នុងអនុវត្ដនាពេលឆាប់ៗខាងមុខ ឆ្នាំថ្មី ២០២២។
បន្ទាប់ពីលោកវរសេនីយ៍ទោ ទុន ពិសី នាយរងការិយាល័យអានផែនការរួចមក លោកស្នងការ ស្នេីសុំអោយមានកិច្ចពិភាក្សាលំអិតលេីកិច្ចការ ដែលនិងត្រូវបំពេញបន្ថែមពីលេីផែនការដែលបានកំណត់ ការធ្វេីផែនការ ទទួលបាន៧០% ការអនុវត្តផែនការបញ្ចប់បន្ថែម៣០% ដូច្នេះស្នេីសុំឱ្យគ្រប់អង្គភាព ដែលមានភារកិច្ចនិងការចាត់តាំងត្រូវតែខិតខំយកចិត្ដទុកដាក់ខ្ពស់លេីការងារចំពោះមុខ ដោយដកពិសោធន៍ចំណុចប្រឈមនិងចំណុចខ្លាំងដែលខ្វះចន្លោះ។
ជាការចូលរួមយោបល់ លោកឧត្ដមសេនីយ៍ត្រី ញ៉ែម សៅ ស្នងការរង បានលេីកឡេីងអំពីបញ្ហារួមនៃការអនុវត្ដដោយត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់និងឆន្ទៈក្នុងការបំពេញភារកិច្ច ដោយធ្វេីការផ្សព្វផ្សាយបន្ថែមដល់កំលាំងនិងចង្អុលការណែនាំត្រួតពិនិត្យអោយបានជាប់ប្រចាំ។
ជាចុងក្រោយលោកស្នងការបានធ្វេីការណែនាំបន្ថែម ស្នេីសុំឱ្យជំនាញពាក់ព័ន្ធអនុវត្តតាមស្ថានភាពជាក់ស្ដែង ទៅតាមភូមិសាស្ត្ររៀងៗខ្លួននិងគាំទ្រការលេីកឡេីងរបស់អស់លោកដែលបានរួមមតិក្នុងការដាក់ចេញវិធានការ ការដាស់តឿនក្រេីនរំលឹកលេីចំណុចដែលធ្លាប់ប្រឈមក្នុងពេលអនុវត្ដកន្លងមក ឈរលេីគោលការណ៍នគរបាលគឺមានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈមិនក្បត់ឧត្ដមគតិ ស្រលាញ់ ស្នេហាជាតិមាតុភូមិ ដេីម្បីសេចក្ដីសុខ ប្រជាពលរដ្ឋ លះបង់គ្រប់បែបយ៉ាង៕