កំពង់ស្ពឺ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានលើកឡើងថា អតីតកាលនៃនិវត្តន៍ជនគឺជាការត្រួសត្រាយផ្លូវដោយតម្លៃនៃការធ្វើពលីកម្ម ឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាងដើម្បីសុខ សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។ការលើកឡើងដូច្នេះ បានធ្វើក្នុងពិធីជួបសំណេះសំណាលជាមួយនិវត្តន៍ជនប្រមាណជិត២០០នាក់កាលពីរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ នៅបរិវេណមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ។
ឯកឧត្តម វ៉ី សំណាង បានគូសបញ្ជាក់ថា ភាពកតញ្ញូចំពោះវីរភាពរបស់រៀមច្បង អ៊ុំ ពូ មីង មា ក្នុងបុព្វហេតុ ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិនេះ គឺជាមោទនភាពរបស់និវត្តន៍ជន ដែលត្រូវទទួលបាននូវភាពកក់ក្តៅ និងកិត្តិយសពីអ្នកបន្តវេន ដែលកំពុងធ្វើដំណើរលើកំណាត់ផ្លូវដែលត្រូវបានត្រួសត្រាយដោយតម្លៃពលិកម្មមិនអាចកាត់ថ្លៃបាន ក្នុងរសជាតិនៃភាពអំណត់ តស៊ូ នៃអ្នកជំនាន់មុនជាច្រើនទស្សវត្សរ៍កន្លងមក។
លោកក៏បានលើកឡើងផងដែរថាប្រទេសកម្ពុជាបានធ្លាក់ចូលក្នុងរបបវាលពិឃាដ៣ឆ្នាំ ៨ខែនិង២០ថ្ងៃ បានធ្វើឱ្យប្រជាជនស្លាប់អស់ជាច្រើនលាននាក់ ក្នុងនោះក៏មានគ្រួសារនិរាស្តព្រាត់ប្រាស់ ពិការាប់មិនអស់។ តែដោយសារបាតដៃនៃរៀមច្បង អ៊ុំ ពូ មីង មា ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ បានធ្វើឱ្យប្រទេសជាតិបានរួចផុត និងចាកចេញពីវាលពិឃាដនៃរបបប្រល័យពូជសាសន៍ប៉ុលពត។ ចំពោះផ្លែផ្កានៃវឌ្ឍនភាពដែលសង្គមជាតិបានទទួលយ៉ាងធំធេងនាពេលបច្ចប្បន្ននេះ គឺពិតជាលទ្ធផលដែលមិនអាចកាត់ផ្តាច់បានពីគុណតម្លៃនៃអ្នកត្រួសត្រាយផ្លូវបាននោះឡើយ។ ដូច្នេះនិវត្តន៍ជនគឺជានិម្មិតរូបនៃការអភិវឌ្ឍន៍ប្រទេសជាតិ និងធ្វើឱ្យប្រទេសបានវិលមកមានសុខសន្តិភាព ស្ថេរភាពនយោបាយនិងការអភិវឌ្ឍន៍ឥតឈប់ឈរ។
ឯកឧត្តម វ៉ី សំណាង បានបញ្ជាក់ថា ការជួបជុំគ្នានាពេលនេះ គឺដើម្បីបង្ហាញពីការយកចិត្តទុកដាក់ចំពោះមន្ត្រីចូលនិវត្តន៍ទាំងមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ក្នុងការតបស្នងសងគុណបំណាច់ និងរម្លឹកនូវវីរភាព ក្នុងការចូលរួមកិច្ចអភិវឌ្ឍន៍ប្រទេស ឱ្យមានភាពសុខសាន្តនិងរីកចម្រើនលើគ្រប់វិស័យក្នុងខេត្តកំពង់ស្ពឺ ហើយចំពោះពិធីជួបជុំនេះដែររដ្ឋបាលខេត្តកំពង់ស្ពឺ និងរៀបចំធ្វើជារៀងរាល់ឆ្នាំដោយក្នុងនោះរដ្ឋបាលខេត្តនិងធ្វើក្នុងថ្ងៃ៧មករា ដែលជាថ្ងៃកំណើតទី២នៃប្រជាជនកម្ពុជា និងថ្ងៃ១៤កុម្ភៈដែលជាថ្ងៃនៃសេចក្តីស្រលាញ់សម្រាប់ជនរួមជាតិ៕