(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាល នៃគណអភិបាលខេត្តកំពង់ស្ពឺ កន្លងមកធ្លាប់ប្រកាសមុនប្រឡងសញ្ញបត្រទុតិយភូមិ ឆ្នាំ២០២១ ថា ក្មួយៗសិស្សទាំងពីរភេទនិងទទួលបានរង្វាន់ម៉ូតូម្នាក់គ្រឿងនៅពេលដែលក្មួយៗប្រឡងជាប់និទ្ទេសA ។ បន្ទាប់ពីក្រសួងអប់រំយុវជន និងកីឡាបានប្រកាសលទ្ធផលប្រឡងសញ្ញាបត្រទុតិយភូមិ ស្រាប់តែលទ្ធផលខេត្តកំពង់ស្ពឺសិស្សជាប់និទ្ទេសAកើនឡើងដល់ទៅ៣៣នាក់ ដូចនេះរដ្ឋបាលខេត្តត្រៀមម៉ូតូចំនួន៣៣គ្រឿង ស្មើនិងទឹកប្រាក់ប្រមាណជាង៧ម៉ឺនដុល្លាអាមេរិក ។
ក្រោយទទួលបានលទ្ធផលដ៏គាប់ប្រសើរលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបង្ហោះសារលើបណ្តាញសង្គមយ៉ាងដូច្នេះ៖ សូមចូលរួមអបអរសាទរជាមួយនឹងក្មួយៗដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ២៧ ធ្នូ ២០២១ ជាពិសេស ក៏សូមកោតសរសើរដល់ក្មួយៗ ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតប្រឡងជាប់និទ្ទេស A ជាច្រើននាក់ បើទោះស្ថិតក្នុងដំណាក់កាលដ៏លំបាកនៃការរីករាលដាលជំងឺ Covid-19 ក៏ដោយ ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមអរគុណចំពោះមាតាបិតា អាណាព្យាបាលសិស្ស ដែលបានផ្ដល់ឱកាសឱ្យក្មួយៗ បានរៀនសូត្រពេញលេញ រហូតទទួលបាននូវកិត្តិយសគឺជ័យលាភីល្អសម្រាប់ខ្លួនគេ សម្រាប់គ្រួសារ សម្រាប់សាលារៀន និងសម្រាប់ខេត្តកំពង់ស្ពឺរបស់យើង តាមរយៈនេះសូមលោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្សានុសិស្ស ជាពិសេសក្មួយៗ ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីយកចំណេះវិជ្ជា មកចូលរួមអភិវឌ្ឍន៍គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ៕